ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នដល់ផ្លូវបំបែករេចង្កូតទៅបុកម៉ូតូបណ្ដាលឱ្យរបួសធ្ងន់២នាក់អ្នកបើកបររថយន្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលចរាចរណ៍នៃស្នងការខេត្ត បានឲ្យដឹងថា÷កាលពីវេលា ១៩និង៣០ នាទី នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបររថយន្តមួយគ្រឿង បើកបរស្រវឹងក្នុងល្បឿនលឿន មកដល់ផ្លូវបំបែកទៅវត្តបេង មិនប្រុងប្រយ័ត្ន បើកទៅបុកម៉ូតូ កំពុងតែបើកបរនៅពីមុខស្របទិសគ្នា បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់២នាក់នៅនឹងកន្លែងកើតហេតុ។

ករណីនេះស្ថិតនៅចំណុចផ្លូវបំបែកវត្តបេង ក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកឯអ្នកបើកបររថយន្តបង្ក បន្ទាប់ពីកើតហេតុ ស្រាប់តែបើកទ្វាររថយន្តរត់គេចខ្លួនបាត់ នៅតែរថយន្តម៉ាក សុីណាពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2-B 9717 (ខូចខាតធ្ងន់)។   

អ្នកបើកបរម៉ូតូជនរងគ្រោះឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ ភូមិ ស្ទឹង ឃុំស្ទឹងត្រង់  ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន បើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយលឿង គ្មានស្លាកលេខ (រងរបួសធ្ងន់) (ខូចខាតម៉ូតូធ្ងន់)។

អ្នករួមដំណើរឈ្មោះ វឿន វិត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់  ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន (រងរបួសធ្ងន់)។

ក្រោយពីកើតហេតុសមត្តកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានចុះមកវាស់វែងរួចមកក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

រីឯរថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖