ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងព្រឹកនៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរួមទាំងក្រុមរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៣​ ​ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ 

    ម្ចាស់ផ្ទះឈ្មោះ​ ហេង វី​ ភេទ​ប្រុស អាយុ៤១ឆ្នាំ​ មុខរបរលក់ដូរ​ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ​ ទទឹង៦ម៉ែត្របណ្តោយ៨​ម៉ែត្រ​ ប្រភេទឈេីលេីថ្មក្រោម។ 

    ចំណែកម្ចាស់ផ្ទះមួយខ្នងទៀតឈ្មោះ ឆន​ វែង​ ភេទប្រុស អាយុ៥២ឆ្នាំ​ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះទំហំទទឹង៦ម៉ែត្រនិងបណ្តោយ៨ម៉ែត្រប្រភេទឈេីលេីថ្មក្រោម។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះកំពុងលក់ដូរនៅខាងក្រោមស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះឈ្មោះហេង​ វី​ ផ្នែកខាងលេីបង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាជួយដងទឹកមកជះពន្លត់ដែរ តែដោយសារភ្លេីងបានឆាបឆេះខ្លាំងឡេីងៗក៏បានរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅជាប់គ្នា ទេីបរាយការណ៍ទៅសមត្ថកិច្ចនឹងក្រុមពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

    ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងមកធ្វើអន្តរាគមន៍​ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ១គ្រឿងមិនបានបាញ់​ពន្លត់ទេ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរ​ កម្ពុជា១គ្រឿង​មិនបានបាញ់​ពន្លត់ទេ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានី២​គ្រឿងបាញ់ទឹកពន្លត់អស់​ទាំង២គ្រឿង រថយន្តរបស់កងពលតូចលេខ៧០ចំនួន២​គ្រឿងបាញ់អស់​ទាំង២គ្រឿង  រថយន្តរបស់បុរី សង្ឃឹមថ្មី២​គ្រឿងបាញ់អស់​ទាំង២គ្រឿង។ ចំណែកផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ 

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖