ភ្នំពេញ៖ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សីបានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេសបានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ។ធ្វើយ៉ាងណាឲ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។
លោ ឡយ សៀនអាន ប្រធានគណៈកម្មការផ្សារអូរឬស្សី បានលើកឡើងថាដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ត្រូវតែមានបរិស្ថានអនាម័យស្អាត។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារមួយក្នុងចំណោមផ្សាររដ្ឋ ទាំង២៥ លោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសម្រាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍។ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ។
ប្រធានគណៈកម្មការផ្សារបានបន្ថែមទៀតថាលោកសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ មុខផ្សារអូឬស្សី ព្រោះផ្សារជាទីប្រជុំ និងទល់មុខនោះមានអាហារដ្ឋានផងដែរ តែងតែមានការចតបន្តិចបន្តួចបង្ករការកកស្ទះតែយ៉ាងណាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ក៏បានចុះរៀបចំជាប្រចាំមិនឲ្យមានការកកស្ទះខ្លាំងនោះទេ។
ជាចុងក្រោយពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៨២ មុខផ្សារអូឬស្សីបានអរគុណនិងសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ក៏ដូចជា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បន្តចុះរៀបចំឲ្យបានល្អប្រសើរជាងនេះបន្ថែមទៀតផងដែរ៕
ដោយ ៖ រ៉ារ៉ា