ខេត្តតាកែវ ៖ ប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ លើកឡើងថា ក្រុងដូនកែវសឹងទាំងមូល បច្ចុប្បន្ននេះកំពុងគ្របទៅដោយផ្សែងដុតសំរាមទាំងយប់ទាំងថ្ងៃពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ។ រីឯអាជ្ញាធរក្រុងក៏ដូចជាខេត្តហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីសំរាមនេះទេ។
ដោយអត់ទ្រាំនិងការហិតក្លិន ហិតផ្សែងចេញពីទីតាំងចោលសំរាមមួយកន្លែងដែលកំពុងបង្កផលប៉ះពាល់រាប់ឆ្នាំមកហើយនោះ ពេលនេះផ្អើលប្រជាពលរដ្ឋ តាអាចារ្យព្រះសង្ឃ និងមេភូមិ នាំគ្នាផ្តិតមេដៃស្នើទៅលោកអភិបាលខេត្តតាកែវ ឲ្យជួយរកដំណោះស្រាយ។ ប្រភពពីប្រជាពលរដ្ឋលើកឡើងថា ទីតាំងចោលសំរាមនេះ គឺនៅក្បែរវត្តអមរា ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានគេយកកាកសំណល់ផ្សេងៗ ពីមន្ទីរពេទ្យ អាហារដ្ឋាន និងយកពីទីតាំងដទៃទៀតក្នុងក្រុងដូនកែវមកចោលទីនេះ។
ប្រជាពលរដ្ឋនៅជិតតំបន់នោះបានហើយដឹងថា ក្លិន ស្អុយ ឆ្អេះ ឆ្អាប សាយភាយពីទីតាំងចោលសំរាមនេះរាល់ថ្ងៃរាប់ឆ្នាំមកហើយ។ ជាងនេះទៅទៀត លុះដល់ពេលយប់មានអ្នកទៅលួចដុតសំរាមចោលឆេះហុយ ផ្សែងទ្រលោមពេញមេឃ។ ទីតាំងនេះជះក្លិនស្អុយជាយូរឆ្នាំណាស់មកហើយរីឯអាជ្ញាធរដែនដីក៏បានដឹងអំពីផលប៉ះពាល់នៃក្លិនស្អុយនេះដែរ។ យ៉ាងណាក៏ដោយហាក់ដូចជាមិនមានដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានរស់នៅក្នុងបរិស្ថានស្រស់ថ្លានោះឡើយ។
ប្រជាពលរដ្ឋដែលកំពុងប្រឈមផលប៉ះពាល់នៃទីតាំងចោលសំរាមខាងលើ បានស្នើសុំទៅមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលខេត្តតាកែវ ជួយដោះស្រាយបញ្ហានេះផង កុំទុកឲ្យពួកគាត់រាប់រយគ្រួសារហិតក្លិនស្អុយ និងផ្សែង ពិសេសកុំឲ្យក្រុងដូនកែវ គ្របដណ្តប់ទៅដោយផ្សែងដុតសំរាមដូចរាល់ថ្ងៃនេះទៀត៕
ដោយ៖ សូរិយា