ភ្នំពេញ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅជុំវិញបឹង Hoàn Kiếm នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ នៅថ្ងៃទី២៤ ខែមីនានេះ ដោយមាននិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីវៀតណាមចូលរួមរត់ដង្ហែប្រមាណ ៤០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋវៀតណាម តាមដងផ្លូវ។
ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោក ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ៕
ដោយ៖ ស តារា