ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ហើយគេចខ្លួន ចំនួន ៣៨០.០០០ដុល្លារ។ នេះបើតាមដីកា ដែលបណ្តាញសារព័ត៌មាន ទទួលបាន នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ហើយដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ បានសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ភោគ ស្រីលាភ ភេទស្រី កើតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួល លេខ៤៥៥ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមបណ្តឹងពីស្ត្រីឈ្មោះ ណុប លក្ខិណា។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ចៅក្រមស៊ើបសួរ បានឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ
ភោគ ស្រីលាភ ទៅពន្ឋនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
ចៅក្រមស៊ើបសួរ បង្គាប់
១-ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ភោគ ស្រីលាភ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២-ឲ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួលជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣-ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់៕
ដោយ ៖ សហការី