ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ មកដល់ផ្លូវបំបែកជាបួនត្រូវរថយន្តដឹកលូបុកបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ០៩និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ឋិតនៅភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចជំនាញប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678បើកបរពីកើតទៅលិច រីឯម៉ូតូហុងដាសេ១២៥ពាក់ផ្លាកលេខកំពង់ស្ពឺ- 2527 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណពីជើងទៅត្បូងមកដល់ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ បុរសម្នាក់ វ័យចំណាស់ រងរបួសធ្ងន់ បាក់ជើង ដេកស្ដូកកំរើកមិនរួចផ្នែកខាងក្រោម ភ្លាមៗ នោះ សមត្ថកិច្ចជំនាញ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក៏បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងនិង ខលទំនាក់ទំនងទៅ រថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ក្រោយពី សមត្ថកិច្ច និងសាច់ញាតិ ខលទៅរថយន្តសង្គ្រោះបន្ទាន់មួយសន្ទុះធំ ទើបរថយន្តមកដល់ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។នៅពេលកើតហេតុអ្នកបើកបររថយន្តធំដឹកលូបានរត់គេចខ្លួនបាត់តែម្ដង។
មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា ៖រថយន្តធុនធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678 បើកបរពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្នក៏បានបុកម៉ូតូហុងដាសេ១២៥មួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ- 2527 បើកបរពីជើងទៅត្បូងបណ្ដាលឲ្យបុរសវ័យចំណាស់របួសធ្ងន់តែម្ដង។
សូមបញ្ជាក់ថា៖ក្រោយពីពិនិត្យវាស់វែងរួចក៏នាំយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕
ដោយ ៖ វណ្ណា