ភ្នំពេញ៖ មុខសញ្ញាចោរប្លន់ចំនួន ០២នាក់ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីម៉ោង ១១ និង៤០នាទីយប់ថ្ងៃទី២១ ខែមីនាថ្មីៗនេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុន ដេវីត ហៅ វីត នៅចំណុចលើសួនច្បារក្តាន់ពីរមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង០០:១០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត នៅចំណុចកន្លែងស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ សុក សាវី ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ ឈុន ដេវីត ហៅ វីត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
២- ឈ្មោះ សេង សិលា ហៅ ខ្លា ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ កាំបិតកែច្នៃ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕