ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ! ឪពុកម្ដាយនិងកូនតូចប្រុសស្រី៤នាក់របួសធ្ងន់​បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តTUNDRA មកបុកអូសជាច្រើនម៉ែត្រ​ រួចព្យាយាមបើករត់ត្រូវពលរដ្ឋដេញឃាត់ជាប់

ចែករំលែក៖

​    ភ្នំពេញ​ ៖​ កូនតូចប្រុសស្រី២នាក់ និងម្ដាយឪពុក២នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកំពុងជិះម៉ូតូឌុបគ្នាសុខៗស្រាប់តែមានរថយន្តTUNDRAមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលអូសជាច្រើនម៉ែត្រ រួចព្យាយាមបើករត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខអគារក្រុមហ៊ុនប៊ូយ៉ុងថោន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់មុខណាហ្គាវើល២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។

​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូហុងដាឃ្លីកមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IB-3418ជិះលក្ខណ:គ្រួសារមានគ្នាបួននាក់កូនតូចប្រុសស្រី២នាក់និងឪពុកម្ដាយ២នាក់ទ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក​ Toyota  TUNDRA មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-9676បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យដួលអូសទាំងម៉ូតូនិងជនរងគ្រោះរដូករណែលពេញផ្លូវរងរបួសធ្ងន់ទាំងបួននាក់ ។ ភ្លាមៗនោះជនរងគ្រោះជាកូនៗត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា ចំណែកឪពុកម្ដាយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ រីឯរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចមុខណាហ្គាវើល២  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានប្រគល់អ្នកបើកបររថយន្តបង្កទៅឱ្យសមត្ថកិច្ចជំនាញនិងធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖