សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា ចិនបានប្រកាសពីការបង្កើតចំណងទាក់ទងការទូតជាមួយហុងឌូរ៉ាស់ បន្ទាប់ពីប្រទេសអាមេរិកកណ្តាលមួយនេះបានបិទបញ្ចប់ទំនាក់ទំនងរាប់សិបឆ្នាំរបស់ខ្លួនជាមួយតៃវ៉ាន់ជាផ្លូវការ។
ការកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ គឺត្រូវបានគេរំពឹងទុករួចស្រេចទៅហើយបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស់ បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីរៀបចំបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាមការបង្គាប់បញ្ជារបស់ប្រធានាធិបតីហុងឌូរ៉ាស់លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) ដែលបាននិយាយថា រដ្ឋាភិបាលលោកស្រីនឹងចាប់ផ្តើមភ្ជាប់ចំណងទាក់ទងជាមួយទីក្រុងប៉េកាំង។
ចិនបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក ឈិន កាង (Qin Gang) ហើយនិងប្រមុខការទូតហុងឌូរ៉ាស់ លោក អេដ្វាដូ អេនរិគ រៃណា (Eduardo Enrique Reina) បានចុះកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឯទីក្រុងប៉េកាំង ខណៈដែលប្រការនេះបានបញ្ចប់ជាស្ថាពរនូវទំនាក់ទំនងរវាងហុងឌូរ៉ាស់ជាមួយតៃវ៉ាន់ ដែលមានអាយុកាលតាំងតែពីទសវត្សរ៍១៩៤០មកម្ល៉េះ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រសួងការបរទេសរបស់ប្រទេសហុងឌូរ៉ាស់ បានប្រកាសថា ខ្លួនទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន និងគ្មានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋនោះឡើយ ខណៈដែលវាគឺជាគោលជំហរដែលទីក្រុងតៃប៉ិច្រានចោលយ៉ាងមុតមាំ។ រដ្ឋាភិបាលទីក្រុងប៉េកាំងទាមទារឱ្យប្រទេសទាំងឡាយណាដែលមានទំនាក់ទំនងជាមួយខ្លួន ត្រូវតែទទួលស្គាល់គោលជំហរនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ kyodo