ខេត្តសៀមរាប៖ ក្រុមកម្មករសំណង់មួយក្រុម បានជីករណ្តៅដីជុំវិញសសរដែក នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មី ភូមិតានី ឃុំរុនតាឯក ក្នុងគោលបំណង ដើម្បីចាក់គ្រឹះបេតុង ហើយក៏ប្រទះឃើញក្បាលគ្រាប់បេ ចំនួន១គ្រាប់ ប៉ុន្តែមិនបានរាយការណ៍ ជូនសមត្ថកិច្ចទេ គេបានលើកគ្រាប់នោះ បោះចេញមកក្រៅរណ្តៅ និងនាំគ្នាមេីលចុះឡេីងនិងបោះទៅលេីថ្មបណ្ដាលឱ្យផ្ទុះរងរបួសមនុស្ស ពីរនាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ។
នគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះថា៖ ជនរងគ្រោះ ចំនួន ពីរនាក់ គឺៈ ទី១ ឈ្មោះ អួន ចាន់ណា ហៅ ផាន់ ចាន់ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មេជាងសំណង់ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសកំភួនជើង ទាំងសងខាង, ភ្លៅផ្នែកខាងក្រោយទាំងសងខាង កែងដៃខាងឆ្វេង និងរបួសខ្នង និងទី២.ឈ្មោះ ចាម ចង់ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រងរបួសកំភួនដៃឆ្វេង និងប្រអប់ដៃឆ្វេង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មេជាងសំណង់ ឈ្មោះ អួន ចាន់ណា ហៅ ផាន់ ចាន់ណា បានជីករណ្តៅដីជុំវិញសសរដែក នៅចំណុចកើតហេតុ ខាងលើ ក្នុងគោលបំណង ដើម្បីចាក់គ្រឹះបេតុង ហើយក៏ប្រទះឃើញក្បាលគ្រាប់បេ ចំនួន១គ្រាប់ ប៉ុន្តែមិនបានរាយការណ៍ ជូនសមត្ថកិច្ចទេ គេបានលើកគ្រាប់នោះ បោះចេញមកក្រៅរណ្តៅ។
ក្រោយមក កម្មករសំណង់ផ្សេងទៀត បានរើសយកគ្រាប់នោះ ចែកគ្នាមើល គឺអ្នកទី១. មិនស្គាល់ឈ្មោះ មើលបានបន្តិច ក៏ប្រគល់ឲ្យអ្នកទី២. ឈ្មោះ ម៉ាក់ មន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្ទាប់មកទៀត ឈ្មោះ ចាម ចង់ ជាកម្មករសំណង់ដែរ បានសុំមើលបន្ត ហើយក្រោយមក គេបានបោះគ្រាប់នោះ ចោលទៅប៉ះនឹងដុំថ្ម បណ្តាលឲ្យផ្ទុះ ត្រូវចំជនរងគ្រោះ ឈ្មោះ អួន ចាន់ណា ហៅផាន់ ចាន់ណា និងឈ្មោះ ចាម ចង់ បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបតែម្តង។
ក្រោយពីកើតហេតុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ, កម្លាំងការិយាល័យ អាវុធជាតិផ្ទុះ, កម្លាំងនៃអង្គភាពកំចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចុះស៊ើបអង្កេតករណីខាងលើនេះ។
តាមការស្តាប់បំភ្លឺផ្ទាល់មាត់ ជនរងគ្រោះ ឈ្មោះ អួន ចាន់ណា ហៅផាន់ ចាន់ណា មេជាងសំណង់ និងឈ្មោះ ចាម ចង់ កម្មករសំណង់ បានរៀបរាប់ប្រហាក់ប្រហែល គ្នាថាៈ ឈ្មោះ អួន ចាន់ណា ហៅផាន់ ចាន់ណា ជាអ្នកជីករណ្តៅដី ឃើញគ្រាប់មុន គេ ដោយពិនិត្យឃើញថា គ្រាប់នោះ មានសភាពចាស់ និងកាន់ជ្រះ គិតបានមិនផ្ទុះ នោះទេ ក៏បោះចេញក្រៅរណ្តៅដី ដោយពុំបានរាយការណ៍ ជូនដល់សមត្ថកិច្ច បន្ទាប់មក ក៏មានកម្មករផ្សេង បានរើសយកគ្រាប់នោះ ចែកគ្នាមើល ហើយឈ្មោះ ចាម ចង់ ជាអ្នកមើលក្រោយគេ ពេលបោះគ្រាប់នោះ ចោលប៉ះត្រូវនឹងថ្ម ធ្វើឲ្យផ្ទុះ បណ្តាលឲ្យរងរបួសទាំង ពីរនាក់តែម្តង។
តាមការស្តាប់បំភ្លឺពីសាក្សី ឈ្មោះ ម៉ាក់ មន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា៖ មុនពេលកើតហេតុ ខ្លួនក៏បានកាន់គ្រាប់ ខាងលើមើលដែរ បន្ទាប់មក ឈ្មោះ ចាម ចង់ បានសុំមើលបន្ត មើលរួច គាត់បោះចោលគ្រាប់នោះ ទៅទិសខាង ខ្លួន ចម្ងាយប្រហែល ២ ម៉ែត្រ ប៉ះត្រូវនឹងដុំថ្មធ្វើឲ្យផ្ទុះ បណ្តាលឲ្យអំបែងខ្ទាតត្រូវ ឈ្មោះ ចាម ចង់ និងឈ្មោះ អួន ចាន់ណា ហៅផាន់ ចាន់ណា បណ្តាលឲ្យរងរបួស ធ្ងន់ ចំណែករូបគេ ពុំមានរងរបួសនោះទេ។
ឈ្មោះ ម៉ាក់ មន បានបញ្ជាក់បន្ថែមថាៈ មុនមានករណីផ្ទុះគ្រាប់ ខាងលើ គឺឈ្មោះ ចាម ចង់ និងឈ្មោះ អួន ចាន់ណា ហៅផាន់ ចាន់ណា ពុំមានទំនាស់អ្វីនឹងគ្នា នោះទេ។
តាមការបញ្ជាក់ផ្ទាល់មាត់ ពីមន្ត្រីនៃអង្គភាពកំចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា៖ គ្រាប់ដែលបានផ្ទុះ ជាប្រភេទគ្រាប់បាញ់បង្ហោះ (Launcher), B40 (Model1), ផលិតនៅប្រទេសវៀតណាម។ វត្ថុតាងដកហូតពីកន្លែងកើតហេតុ មានដងកន្ទុយគ្រាប់ B40 ចំនួន១, អំបែងនៃកន្ទុយគ្រាប់ ចំនួន១។
ការស្តាប់បំភ្លឺផ្ទាល់មាត់របស់ជនរងគ្រោះ ទាំងពីរនាក់, ការបំភ្លឺរបស់សាក្សី និង វត្ថុតាង បានសន្និដ្ឋានថា ករណីខាងលើ គឺជាករណីផ្ទុះកាកសំណល់សង្គ្រាម ប្រភេទគ្រាប់បាញ់បង្ហោះ (Launcher), B40 (Model1) ផលិតនៅប្រទេស វៀតណាម៕
ដោយ៖ សហការី