ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ សិប្បកម្មកែច្នៃបំពង់បឺតមួយពីស្មៅចចូត រួមចំណែកដល់បរិស្ថាន និងលើកកម្ពស់ជីវភាពស្រ្តីក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បា​នឱ្យដឹងថា​ ទុយយោឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយយោប្លាស្ទិក ដោយសារតែវាសាមញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផលវិបាកដ៏ធំធេងសម្រាប់បរិស្ថានទាំងមូល។

    ក្រសួង​បរិស្ថាន​បានឱ្យដឹងទៀតថា​ ទុយយោប្លាស្ទិក ដែលគេតែងយល់ថាគ្មានអ្វីធំដុំនោះបានក្លាយទៅជាសំណល់ ៨,៣ ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geographic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះបានធ្វើឱ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។

    ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកត់សម្គាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនបានផ្លាស់ប្តូរពីទម្លាប់ប្រើប្រាស់ទុយយោប្លាស្ទិកមកជាទុយយោដែលមានការច្នៃពីក្រដាសឬធនធានធម្មជាតិនានា ខណៈដែលសិប្បកម្មកែច្នៃទុយយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។ 

    ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិនៅក្នុងស្រុកដែលរកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម៕

ដោយ​៖សហការី


ចែករំលែក៖