ភ្នំពេញ៖ តោះ! សាកល្បងប្រើកម្មវិធី ChatGPT របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅពិពរណ៍ទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT នៅទីតាំងពិពរណ៍ ហើយក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។
ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួន ដែលជាបច្ចេកវិទ្យាថ្មី ប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា។
សូមគូសបញ្ជាក់ថា ChatGPT ប្រេីបច្ចេកវិទ្យា AI ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា៕
ដោយ ៖ សិលា