ព័ត៌មានទាន់ហេតុការណ៍៖

ពិធី បញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តឧត្តមខ្លាលោត ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តឧត្តមខ្លាលោត ស្ថិតនៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថាដោយមានដំណាលតាំងពីបុរាណកាលមក ឆ្នាំ១៩៥៤ ចាស់ព្រឹទ្ធាចារ្យសម័យនោះបានប្រសិទ្ធនាមវត្តថា “វត្តសិរីខ្លាលោត» ។

ក្រោយមកទៀត នៅឆ្នាំ១៩៧៩ ឈ្មោះវត្តសិរីខ្លាលោតបានកែប្រែឈ្មោះមកជា “វត្តឧត្តមខ្លាលោត- ដោយមានព្រះចៅអធិការព្រះនាម សន អោក ព្រះគ្រូអាចារ្យ សោម ខេង ជាប្រធានអាចារ្យ លុះដល់ឆ្នាំ ២០១០ មានព្រះចៅអធិការព្រះនាម អ៊ុក សាន នៅឆ្នាំ២០១៧ ព្រះតេជគុណ ភូត សាផាត ជាព្រះចៅអធិការ ស្តីទី ក្រោយមកនៅឆ្នាំ២០២២ ថ្មីៗនេះ ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះអនុគណស្រុក បានរៀបចំប្រគល់ភារៈកិច្ច ប្រគេន ព្រះតេជគុណ ព្រំ សារ៉ុន ជាចៅអធិការស្តីទី មើលថែរក្សាវត្តបន្ត រហូតដល់បច្ចុប្បន្ន។

លោកបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ដ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ធ្វើឱ្យស្រុកមានទាំងស្ថេរភាពនយោបាយ សតិ អារម្មណ៍ល្អប្រសើរ មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ក្នុងឱកាសនោះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថាបានថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងនូវទីអារាម ព្រះវិហារ និង សមិទ្ធផលផ្សេងៗទៀត ហើយនៅថ្ងៃនេះបន្ថែមនូវសមិទ្ធថ្មីមួយបន្ថែមទៀត នោះគឺពិធី បញ្ចុះខ័ណ្ឌសីហាព្រះវិហារ យើងនេះតែម្តង។

សមិទ្ធផលដែលកើតឡើងជាបន្តបន្ទាប់នៅទីវត្តឧត្តមខ្លាលោតយើងនេះ គឺមិន មែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើង ទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថាសង្គ្រាមបានដាក់ឲ្យប្រទេសជាតិយើងនៅក្នុងភាពខ្ទេចខ្ទាំ មិនថាតែផ្នែកអាណាចក្រទេ ខាងពុទ្ធចក្រក៏ទទួលរងនូវវិនាសកម្មដែរ  ពុំមានទីអារាមណាមួយមិនទទួល រងនូវការខូចខាតនៅក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍នោះទេ។

ដោយឡែកនាពេលបច្ចុបន្ននេះ សមិទ្ធផលជាច្រើនរួមមានព្រះវិហារ ឧបដ្ឋាន សាលា កុដិ ក្លោងទ្វារ របង ត្រូវបានកសាងឡើងថ្មីទាំងអស់ ដែលនេះគឺជាសមិទ្ធផលកើត ចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន ខណៈនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលាដោយមិនរត់ចោលបងប្អូនឡើយ ៕

ដោយ៖ សុថាន


ចែករំលែក៖