ខេត្តបាត់ដំបង៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ជាច្រើននាក់ នាំគ្នារត់គេចខ្លួនទាំងអ្នកខ្លះភ្លេចយកម៉ូតូ ស្បែកជើង លុយ ប៉ុន្តែនៅតែគេចមិនផុត ក៏ត្រូវកម្លាំងនគរបាលស្រុកបវេល នាំខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់ មកធ្វើការអប់រំណែនាំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្តទៀត ក្រោយបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពដែលមានកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបសង្វៀន ជល់មាន់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៦ ខែមីនាម្សិលមិញ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ពេលចុះទៅដល់ដោយសារស្ថានភាពភូមិសាស្រ្តអ្នកប្រព្រឹត្តិ បានឃេីញមុនហេីយរត់គេចខ្លួនក្នុងដីចំការក្នុងនោះ ដែលសមត្ងកិច្ចបានធ្វើការនាំខ្លួនអ្នកប្រព្រឹត្តិចំនួនតែ ០៣នាក់ភេទប្រុសប៉ុណ្ណោះព្រមទាំងដកហូតវត្ថុតាងរួមមាន៖
១- ម៉ូតូចំនួន១១គ្រឿង
២- មាន់ចំនួន១ក្បាល
៣- ជញ្ជីងថ្លឹងមាន់ចំនួន០១គ្រឿង
៤- សង្វៀងជល់មាន់ចំនួន១
៥- ឆ្នាំងដាំទឹកចំនួន១
៦- ធុងដងទឹកចំនួន១
នៅពេលធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុករួច សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាឱ្យពួកគាត់ បញ្ឈប់នូវសកម្មភាពនេះបន្តទៀតរួចបានអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចនឹងកោះអញ្ជេីញមកធ្វេីការសាកសួរ និងអប់រំណែនាំបន្ត៕
ដោយ៖សហការី