ភ្នំពេញ៖ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ដដែលនេះ បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។
ឯកសារចំនួន០២ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើជាសហធិបតីក្នុងការចុះហត្ថលេខានោះរួមមាន៖
១- អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។
២-អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។
ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ស តារា