ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន១.០០០ដុល្លារអាមេរិក( មួយពាន់ដុល្លារ)ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទូលថ្វាយសារលិខិតអរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន១.០០០ដុល្លារអាមេរិក( មួយពាន់ដុល្លារ)ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមីនា ឆ្នាំ២០២៣។

កាកបាទក្រហមកម្ពុជា

សូមក្រាបបង្គំទូលថ្វាយ

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន 1.000 USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់ ខែ មីនា ឆ្នាំ២០២៣ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជ គុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ ទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រ កម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះ មេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ ។

សេចក្តីគួរពុំគួរ សូមព្រះមេត្តាករុណា ប្រោសព្រះរាជទានទោស ៕

ដោយ ៖ សិលា


ចែករំលែក៖