ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ១៥នាក់ ពាក់ព័ន្ធ​ក្នុងករណីហិង្សា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី​ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែង​ថា៖​ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញចុះពិនិត្យនឹងធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន នឹងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់រហូតដល់ចំនួន ១៥នាក់ យកមកធ្វើការសាកសួរភ្លាមៗ ដេីម្បីចាត់ការតាមនីតិវិធី។

លោកស្នងការខេត្ត​ បានបន្ថែមថា​ ករណីខាងលេីនេះ​ បានកើតឡើងនៅវេលាម៉ោងប្រហែល ២២និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង​ បានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានករណីក្រុមក្មេងទំនើងដេញវាយតប់គ្នាបង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មានគ្នា រហូតដល់១៥នាក់ មកពីភូមិបន្សាយរាក់ និងភូមិសំបួរមាស បានធ្វើសកម្មភាពបង្ករឿង និងដេញវាយទៅលើជនរងគ្រោះឈ្មោះ គឹម សៃ ហៅ បឺត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលកំពុងរាំលេងនៅក្នុងកម្មវិធីមង្គលការមួយកន្លែងនៅភូមិរំដួលវាសនា។​ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ ចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៥នាក់មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសំរោងតែម្តង​។ 

លោកអធិការ​ក្រុង​រូប​នេះ​ បានបន្តថា​ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចុះទៅផ្ទាល់ដល់អធិការដ្ឋានក្រុងសំរោងហើយធ្វើការអប់រំណែនាំ នឹងជួបអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំង ១៥នាក់នោះ នឹងបានហាមថ្ងៃក្រោយកុំឲ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត។

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ ចាប់តាំងពីថ្ងៃនេះតទៅរាល់បទល្មើសទាំងឡាយណាដែលកើតមានឡើងដូចជាបញ្ហាក្មេងទំនើងនេះគ្រប់បណ្តាប៉ុស្តិ៍ អធិការក្រុង-ស្រុកទាំង៥ គឺមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត ប្រសិនជាមានកើតមានសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខានតែបាន។

នៅចំពោះមុខ ដោយមើលឃើញថាចំពោះករណីនេះក្រុមក្មេងទំនើងទាំង១៥នាក់ ខាងលើនេះការប្រព្រឹត្តទៅលើជនរងគ្រោះពុំមានរបួសស្នាមហើយជាបទល្មើសមិនធំដុំនោះទេ លោកស្នងការ ក៏បានចាត់ចែងឲ្យលោកអធិការក្រុងសំរោង គ្រាន់តែធ្វើការណែនាំពួកគាត់សិន បើលើកក្រោយ បើសិនជាសមត្ថកិច្ចចាប់បានពួកគាត់មុខដដែលទៀតគឺត្រូវអនុវត្តបញ្ជូនទៅកាន់តុលាការមិនលើកលែងទៀតឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៥នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៦គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសំរោងធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖