ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយខុសពីការណ៍ពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ចមិនទទួលបណ្តឹងនិងទារលុយ១០០ដុល្លារ។
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងការចុះផ្សាយខុសពីការណ៍ពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ចមិនទទួលបណ្តឹង និងទារលុយ១០០ដុល្លារ ពេលនេះប្រជាពលរដ្ឋបានធ្វើការបកស្រាយមិនមែនជាការណ៍ពិតទេ តាមការសាកសួរនិងចូលមកបំភ្លឺរបស់ប្រជាពលរដ្ឋ ពេលនោះមានប្រជាពលរដ្ឋម្នាក់នៅម្តុំហ្នុងដែរ ដែលជាអ្នកនិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” តាមពិតជាក់ស្តែងមិនមែនសមត្ថកិច្ចជាអ្នកនិយាយទារលុយពីជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនោះទេ។
តាមពិតជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០នាទី មានករណីហិង្សា កើតឡើងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុភ្លាមបន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ។ ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុជនបង្កបានគេចខ្លួនបាត់អស់ នៅតែជនរងគ្រោះក៏នាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។ ពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ជនរងគ្រោះឈ្មោះ មិន សុខណេ បានដើរចូលក្នុងប៉ុស្ដិ៍ ក៏មានប្រជាពលរដ្ឋម្នាក់នៅជិតហ្នឹងបាននិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” ដោយសមត្ថកិច្ចមិនបាននិយាយអ្វីទាំងអស់។ បន្ទាប់ពីចូលក្នុងបន្ទប់ទទួលពាក្យបណ្តឹងសមត្ថកិច្ចបានសរសេរពាក្យបណ្ដឹងជូនជនរងគ្រោះ និងឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញរង់ចាំព្រឹកស្អែកហៅជនបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីសួរនាំបន្ថែម។
ពេលលោក មិន សុខណេ មកដល់ផ្ទះវិញក៏មានអ្នកសារព័ត៌មានបានមកសួរនាំអំពីករណីហិង្សា ហើយជនរងគ្រោះក៏រៀបរាប់តាមដំណើររឿង និងដោយមានការយល់ច្រឡំផង ទើបជនរងគ្រោះបាននិយាយថាសមត្ថកិច្ចទាមទារប្រាក់១០០ដុល្លារ ។
បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១បានធ្វើការកោះហៅឈ្មោះ មិន សុខណេ ឱ្យចូលខ្លួនមកបកស្រាយបំភ្លឺ និងបានធ្វើលិខិតបំភ្លឺ ដោយខ្លួនមានការយល់ច្រឡំ បានទទួលស្គាល់កំហុស និងសុំទោសមកសមត្ថកិច្ចផងដែរ ៕
ដោយ ៖ សហការី