ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VOD ដែលនឹងចូលបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំស្តីពីការណែនាំអំពីការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល (អតីតបុគ្គលិក VOD) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍អតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

លោក បានសាកសួរអំពីប្រវត្តិការងារ ចំណាប់អារម្មណ៍ និងបំណងប្រាថ្នា នៅពេលត្រូវចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។ លោកបានលើកទឹកចិត្តដល់មន្ត្រីថ្មីត្រូវបន្តជំនាញដែលមានស្រាប់ និងពង្រឹងបន្ថែម ដោយត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ វិភាគ ដើម្បីផ្សព្វផ្សាយប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ជឿជាក់ដោយមិនមានការក្លែងបន្លំ។ 

បើតាម លោករដ្ឋមន្ដ្រី ភាពស្មោះត្រង់ ឧត្តមគតិ និងឆន្ទះរួម គឺជាកត្តាចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ តាមរយៈវត្តមាននៃអតីតអ្នកសារព័ត៌មានមកពី VOD នេះ លោករដ្ឋមន្ដ្រីនឹងរៀបចំឱ្យមាន Newsroom មួយ ប្រកបដោយគុណភាព ក្រោមការតម្រែតម្រង់ផ្លូវដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ដោយ ៖ សហការី


ចែករំលែក៖