ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានសម្តែង ហឬទ័យសោមនស្សរីករាយ ដោយបានឃើញថា ជិត៣០ឆ្នាំកន្លងមកនេះ គឺចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើងសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទំាងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ព្រះករុណាជាអម្ចាស់បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន។
ព្រះអង្គបានកោតសរសើររដ្ឋសភាដែលបានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ នៅក្នុងនីតិកាលទី៦នេះ ដែលជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបានអនុម័តរួច នៅនីតិកាលមុនៗ និងជាការបំពេញបន្ថែមដ៏មានសារសំខាន់បំផុត ដែលធានានូវនិរន្តរភាពនៃដំណើរឈានឡើងនិងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញរបស់យើង។
ក្រៅពីការតាក់តែងច្បាប់ខាងលើថ្នាក់ដឹកនាំរដ្ឋសភា ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រមទំាង សម្តេច លោក លោកស្រី ជាសមាជិកសមាជិការដ្ឋសភាទំាងអស់បានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាកសស្រាំ និងបាននាំយកនូវសំណូមពរនិងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលដែលបានបំពេញតួនាទីយ៉ាងធំធេងក្នុងនាម ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។
ព្រះអង្គបានកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យជូនប្រទេសជាតិនិងជូនប្រជាពលរដ្ឋបានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា។
ឆ្លៀតនៅក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ក៏បានប្រគេនពរជូនដល់ជនរួមជាតិទំាងអស់នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ បានប្រកបដោយសុខភាពល្អ សុភមង្គល សិរីសួស្តី គ្រប់ក្រុមគ្រួសារនិងត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា នៅក្នុងថ្ងៃបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះ សម័យប្រជុំរដ្ឋសភា មានរបៀបវារៈចំនួនបីគឺ៖
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ ៖ សិលា