ព័ត៌មានទាន់ហេតុការណ៍៖

តុលាការលើកពេលសវនាការជំនុំជម្រះទោស”ឃាតកម្ម”អតីតប្តីបាញ់សម្លាប់ប្រពន្ធដោយភ្លើងប្រចណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ បានលើកយកសំណុំរឿង”ឃាតកម្ម”អតីតប្តីបាញ់សម្លាប់ប្រពន្ធដោយភ្លើងប្រចណ្ឌ មកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការនោះក្រោយពីសាកសួរដេញដោលជនជាប់ចោទត្រូវបានប្រធានក្រុមប្រឹក្សាលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៧ ខែមេសា ខាងមុខ ។ 

    សវនាការបានធ្វើឡើងជាសាធារណៈដោយមានលោក ម៉ម ច័ន្ទវណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្សា សាវ៉ាត ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនត្រូវចោទមានឈ្មោះ ជា អូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅនៅ​ម្តុំផ្សារដីហុយ រាជធានីភ្នំពេញ ។ នៅចំពោះមុខសវនាការក្នុងរង្វង់ក្រចកសេះ ជនត្រូវចោទបានឆ្លើយសារភាពទាំងអួលដើម.ក និងទឹកភ្នែករលីងរលោង ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តអំពើមិនគប្បីលើកដៃបាញ់ប្រហារជីវិតអតីតប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ដោយគ្មានជម្រើស។ ជនត្រូវចោទក៏បានសំណូមពរផងដែរ សុំឱ្យតុលាការបន្ធូរបន្ថយទោសរូបគេដើម្បីកែប្រែខ្លួនរស់ក្នុងសង្គមដ៏ស្អាតស្អំតទៅទៀត ។

    សូមរម្លឹកថា លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរលើសំណុំរឿងឃាតកម្មកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនជាឃាតក អតីតប្តីបាញ់សម្លាប់អតីតប្រពន្ធយ៉ាងឃោរឃៅព្រៃផ្សៃ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ។ បទល្មើសឃាតកម្មគិតទុកជាមុនយោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ គឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់ ។ ការគិតទុកជាមុនគឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ ។ ការពួនស្ទាក់ឬជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ ។ ឃាតកម្មគិតទុកជាមុនតម្រូវឱ្យផ្តន្ទាទោសលើជនជាឃាតកដាក់ពន្ទនាគារអស់មួយជីវិត ។ 

   ជនជាប់ចោទឈ្មោះ ជា អូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅនៅ​ម្តុំផ្សារដីហុយ រាជធានីភ្នំពេញ ។ នៅចំពោះមុខសមត្តកិច្ចក៏ដូចជាស្ថាប័នតុលាការ ជនជាឃាតកទទួចចង់ស្លាប់តាមអតីតប្រពន្ធ ក្នុងរូបភាពណាក៏ដោយ មិនចង់ដេកគុកមួយជីវិតទេ ដើម្បីកុំឱ្យដិតដាមនូវវិប្បដិសារីក្នុងចិត្ត ។  ឃាតកបានដឹងកំហុសនិងស្រក់ទឹកភ្នែកនៅពេលឃើញក្តារមឈូស ក្រោយពេលមានដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ។ 

    សូមជម្រាបថា អំពើឃាតកម្មមួយបានកើតឡើងដោយសារអតីត​ប្តីបាញ់សម្លាប់អតីត​ប្រពន្ធក្នុងថ្លុកឈាមកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងបន្ទប់ផ្ទះ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ នូ សុជាតា ភេទស្រី អាយុ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍ ។ អ្នកទាំង២ មានកូនប្រុសម្នាក់ អាយុ១ខួប៩ខែ ។ 

   ពួកគេបានលែងលះគ្នាដាច់ស្រេចអស់រយៈពេល៣ខែកន្លងទៅហើយ ដោយដឹងឮត្រឹមសាលាសង្កាត់ ព្រោះចំណង​អាពាហ៍ពិពាហ៍របស់អ្នកទាំង២មិនមានចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍​នោះឡើយ។ ប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ​អតីតប្តីបានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើត​ជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿង​អតីតប្រពន្ធមានសហាយស្មន់ ដែលនាំឱ្យលែងលះ។ ក្រោយឈ្លោះប្រកែកសម្តីគ្នាមួយប្រាវ អតីតប្តី​ក៏បាននាំអតីតប្រពន្ធ​ចូល​បន្ទប់ ដើម្បីនិយាយវែកញែករឿងដដែលនោះ។

ខណៈនោះ​បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ដែរដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យជាអតីតប្តីដកកាំភ្លើងខ្លីម៉ាក K59 ភ្ជង់ទៅលើបុរសជាបង និងគំរាមឱ្យចេញពីបន្ទប់ កុំឱ្យចេះដឹងរឿងប្តីប្រពន្ធរបស់ពួកគេ​ ។

ភ្លាមនោះបុរសជាបងក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេចេញពីបន្ទប់ ហើយរំពេច​នោះជន​សង្ស័យក៏បានបាញ់សម្លាប់​អតីតប្រពន្ធចំសៀតថ្កា បណ្តាលឱ្យស្លាប់នៅលើគ្រែតែម្តងទៅ​ ។  ភ្លាមៗ ជនសង្ស័យមិនបានរត់គេចទៅណាឡើយ ហើយ​សាច់ញាតិជនរងគ្រោះក៏បាន​រាយការណ៍​ជូន​​សមត្ថកិច្ចមូលដ្ឋានដើម្បីចុះធ្វើអន្តរាគមន៍ឃាត់ខ្លួន​តែម្តង​ ។

   ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោមដើម្បីសាកសួរនិងបន្តនីតិវិធី ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យពិនិត្យ​ទីតាំងកើតហេតុ ក៏ដូចជាសាកសួរ​ ។ នៅជុំវិញ​សពសមត្ថកិច្ចរកឃើញសំបកកាទុស្សចំនួន៤គ្រាប់ ដោយក្នុងនោះផ្ទុះមួយគ្រាប់អត់ផ្ទុះ៣គ្រាប់​ ។ ទន្ទឹមនឹងនោះដែរគេនៅមិនទាន់ដឹងថា សំបកកាទុស្សទាំង៤គ្រាប់នោះ ជនសង្ស័យ​បាញ់ទៅលើ​ជនរងគ្រោះទាំង ៤គ្រាប់ ឬក៏បាញ់ខ្លួនឯងខ្លះឡើយ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖