ខេត្តសៀមរាប ៖ ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពបងប្រុស ផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប ។ នេះជាសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដែលលោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបង្ហោះលើផេកផ្លូវការរបស់លោក។ ដោយឡែក លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានសរសេរថា សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពរបស់បងប្រុស ចំពោះការបាត់បង់ដោយសារឧបទ្ទវហេតុនេះផង! 🙏។
សូមបញ្ជាក់ថា៖ មានករណីរលំស្លាកប៉ាណូ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមកពីភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់និងរបួសម្នាក់។ ជនរងគ្រោះដែលស្លាប់ ខាងមុខនេះក៏ត្រូវរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីដ៏ធំដែរ ប៉ុន្តែជាអកុសលត្រូវមច្ចុរាជចង្រៃឆក់យកជីវិតត្រឹមតែមួយប៉ប្រិចភ្នែក ចាកចោលកូនៗ ភរិយា បងប្អូន សាច់ញាតិ មិត្តភក្តិ នៅសល់តែក្តីអាឡោះអាល័យតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោង១៧ៈ៣០នាទីថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាបមានភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឱ្យមានករណីរលំបាក់ផ្ទាំងប៉ាណូទទឹងផ្លូវ នៅចំណុចភ្លើងស្តុបស្មាយលីង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យមនុស្សស្លាប់ម្នាក់និងរបួសម្នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះផេង ចន្ធូ ភេទប្រុស អាយុ៤៤ឆ្នាំ (ស្លាប់នៅនឹងកន្លែង) មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន LG មានទីលំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្កែកខេត្ត។
ដោយឡែក នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គ្រោងដែកតែងលម្អផ្កាភ្ញីភ្លើងចម្រុះលើស្ពាននៅក្បែរព្រះរាជដំណាក់បានបាក់ចុះមកក្រោមដែរ តែពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ Facebook បានបង្ហាញនូវការសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ដែលកើតមានឡើងដោយកត្តាធម្មជាតិនេះ និងសូមចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារអ្នកស្លាប់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួសសូមឆ្លងផុតគ្រោះថ្នាក់។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ»។
លោក ហ៊ុន ម៉ានី បានអះអាងទៀតថា នឹងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ សូមជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់។
សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនា បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖
-ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។
– ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។
សូមជម្រាបជូនផងដែរ ការបាត់បង់ជីវិតជនរងគ្រោះដោយខ្យល់ភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ បណ្តាលអោយបាក់រលំប៉ាណូ នៅក្រុង- ខេត្តសៀមរាប មិនត្រឹមតែក្រុមគ្រួសារជនរងគ្រោះមានការសង្វេគក្នុងចិត្តប៉ុណ្ណោះទេ សូម្បីតែថ្នាក់ដឹកនាំជាច្រើនក៏បានបង្ហាញនូវភាពសោកស្ដាយ ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ហើយប្រជាពលរដ្ឋដែលនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានបង្ហោះអំពីករណីនេះជាមួយការសោកស្ដាយ ចូលរួមរំលែកទុក្ខដូចគ្នា ខណៈមិននឹកស្មានដល់ថាជនរងគ្រោះជួបឧប្បត្តិហេតុបែបនេះ ៕
ដោយ ៖ សិលា