ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គង់​ សោភ័ណ្ឌ​៖​ ក្នុងមួយឆ្នាំៗ​ ខេត្តកណ្ដាល អាចរកចំណូលពីវិស័យការងារប្រមាណជាង ៤៣៤លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា៖ ខេត្តកណ្ដាល​ អាចស្រូបចំណូលពីវិស័យការងារ ក្នុងនោះមានរោងចក្រ សហគ្រាស បានប្រមាណជាង ៤៣៤លានដុល្លារ នៅក្នុងមួយឆ្នាំៗ​។ 

   លោក គង់ សោភ័ណ្ឌ​ បានថ្លែង​បញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកណ្ដាល មានរោងចក្រ សហគ្រាសចំនួន ៤៨៣ទីតាំង បានផ្ដល់ការងារ ដល់កម្មករនិយោជិត ប្រមាណជាង ១៥ម៉ឺននាក់ (ស្រីជាង ១២ម៉ឺននាក់) ដែលក្នុងនោះមានរោងចក្រកាត់ដេរ​សំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូប មានចំនួន១៧១ទីតាំង ដែលផ្ដល់ការងារដល់កម្មករនិយោជិកត រហូតដល់ជាង ១៣ម៉ឺននាក់ (ស្រីជាង ១១ម៉ឺននាក់) ។

      លោកអភិបាលខេត្ត​រូបនេះ​ បានថ្លែងបន្តថា ចំណូលបានពីវិស័យការងារ ក្នុងមួយខែ ទទួលបានជាង ៣៦លានដុល្លារ ដោយសរុបក្នុងមួយឆ្នាំបានប្រមាណជាង ៤៣៤លានដុល្លារអាមេរិក ជាមួយនេះក៏សូម អំពាវនាវដល់អ្នកវិនិយោគ បន្តធ្វើការវិនិយោគបន្ថែមទៀត ក្នុងខេត្តកណ្ដាល ដើម្បីបង្កើតជាឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ខណៈខេត្តកណ្ដាល នៅឆ្នាំ២០២៣នេះ ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ ។

       លោកអភិបាលខេត្ត​ បន្តថា​ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សាខាបេឡាជាតិ​សន្តិសុខសង្គមខេត្តកណ្ដាល (ប.ស.ស) បានអនុវត្តការងារបង់វិភាគទាន ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិតជាង១៤ម៉ឺននាក់, ផ្នែកថែទាំសុខភាព ចំនួនជាង១៤ម៉ឺននាក់, កម្មករនិយោជិតក្រៅប្រព័ន្ធមានចំនួនជាង ៦០០នាក់ ។

   បន្ថែមពីនេះ​ លោក​ គង់​ សោភ័ណ្ឌ​ ក៏បានលើកឡើងថា​  ពាក់ព័ន្ធនឹងវិស័យការងារ វិជ្ជាជីវៈនេះ ខេត្តមានមជ្ឈមណ្ឌលវិជ្ជាជីវៈក្នុង​ក្រុងតាខ្មៅ ក្នុងការជួយបំប៉នសមត្ថភាព តម្រង់ទិសដៅដល់ពលរដ្ឋ ដើម្បីឈានជើងចូល​ទីផ្សារការងារ ដោយបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំនួន៧កន្លែង ក្នុងនោះមានជំនាញអគ្គិសនី បរិក្ខាម៉ានស៊ីត្រជាក់ សំណង់ស៊ីវិល ព័ត៌មានវិទ្យា ជំនាញជួសជុលរថយន្ត ជំនាញភាសាអង់គ្លេស ដែលគិតមកដល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ២៣០នាក់ ហើយក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ កំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្ររង​ចំនួនជាង ១៤០នាក់ រយៈពេល២ឆ្នាំ ៕

ដោយ​៖សហការី​


ចែករំលែក៖