សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានផ្សាយថា ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល(LindaThomas-Greenfield) បាននិយាយថា រុស្ស៉ីពុំគួរមានឋានៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN នោះទេ។
លោកស្រី ថូម៉ាស់-គ្រីនហ្វៀល បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៉ីគឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN។ រុស្ស៉ីមិនគួរមានឋានៈនេះឡើយ ដោយសារតែអ្វីដែលខ្លួនកំពុងធ្វើនៅអ៊ុយក្រែន»។ យ៉ាងណាក្តី លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានបន្តថា ធម្មនុញ្ញរបស់ UN មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរឋានៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៉ីនោះឡើយ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលទទួលបន្ទុករក្សាសន្តិភាពនៅលើពិភពលោក។ ក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតនិងធ្វើការសម្រេចចិត្តលើបញ្ហាសន្តិសុខដែលសមាជិកទាំងអស់របស់ UN មានកាតព្វកិច្ចត្រូវតែអនុវត្តតាម។ ស្ថាប័ននេះមានសមាជិកប្តូរវេនចំនួន១០ ព្រមទាំងសមាជិកអចិន្ត្រៃយ៍ចំនួន៥ គឺសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង ដែលសុទ្ធតែមានអំណាចវេតូ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីនឹងទទួលតួនាទីជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខ បន្តពីម៉ូហ្សំប៊ិក សម្រាប់រយៈពេល១ខែ។ លើកចុងក្រោយ ដែលទីក្រុងមូស្គូបានកាន់តួនាទីនេះ គឺកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាខែដែលរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន។ អ៊ុយក្រែនបានចេញមុខរិះគន់ ការដែលរុស្ស៉ីត្រូវបានអនុញ្ញាតឱ្យធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN ខណៈដែលអាមេរិកបានទទូចឱ្យរុស្ស៉ីប្រព្រឹត្តខ្លួនប្រកបដោយវិជ្ជាជីវៈ ហើយបានអះអាង ពុំមានមធ្យោបាយសម្រាប់រារាំងរុស្ស៉ីមិនឱ្យឡើងកាន់តួនាទីជាប្រធាននោះឡើយ។
តួនាទីជាប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺត្រូវផ្លាស់ប្តូររៀងរាល់ខែ ក្នុងចំណោមប្រទេសជាសមាជិក និងតាមលំដាប់លំដោយតួអក្សរនៅដើមគេនៃឈ្មោះជាភាសាអង់គ្លេសរបស់សមាជិកទាំងនោះ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN