នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសអាស៊ានមួយនេះនឹងមិនអនុញ្ញាតឱ្យប្រទេសមហាអំណាចណាមួយមកបង្គាប់បញ្ជាលើការសម្រេចចិត្តឬទិសដៅអនាគតរបស់ខ្លួនបានឡើយ។
យោងតាមការដកស្រង់សម្តីដោយសារព័ត៌មានម៉ាឡេស៉ី បឺណាម៉ា (Bernama) លោក អាន់វ៉ា បាននិយាយយ៉ាងដូច្នេះថា «មិនគួរមាននរណាគេផ្សេងមកដឹកមុខយើងឡើយ។ ក្នុងនាមជាប្រទេសដែលមានសេរីភាពនិងឯករាជ្យពេញលេញ យើងចាំបាច់ត្រូវតែសម្រេចដោយខ្លួនឯងផ្ទាល់ទៅលើអ្វីដែលល្អបំផុតសម្រាប់យើង ហើយយើងធ្វើការសម្រេចចិត្ត ដោយឈរលើគុណតម្លៃនិងគោលការណ៍ស្នូល ដូចជាធានាថាយើងមានអភិបាលកិច្ច និងគោលនយោបាយដែលល្អប្រសើរ ហើយផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ក៏ដូចជាប្រជាជនយើង»។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ីបានថ្លែងដូចខាងលើ ក្នុងចម្លើយឆ្លើយតបចំពោះសំណួរទាក់ទងទៅនឹងការប្រជែងឥទ្ធិពលគ្នារវាងចិននឹងសហរដ្ឋអាមេរិក អំឡុងព្រឹត្តិការណ៍មួយ នៅឯសាកលវិទ្យាល័យ ស៉ីងហួ (Tsinghua) នៃទីក្រុងប៉េកាំង។ ដោយឡែក ពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរបស់ម៉ាឡេស៉ីជាមួយចិនវិញនោះ លោក អាន់វ៉ា បាននិយាយថា ម៉ាឡេស៉ីមិនមើលឃើញចិនជាគូប្រជែងឬការគំរាមកំហែងឡើយ បើទោះបីប្រទេសទាំងពីរ មានភាពមិនចុះសម្រុងគ្នាមួយចំនួនក៏ដោយ។
លោក អាន់វ៉ា បានបន្ថែមថា ម៉ាឡេស៉ីចង់កសាងទំនាក់ទំនងឱ្យល្អប្រសើរជាមួយប្រទេសទាំងអស់ រាប់បញ្ចូលទាំងចិននិងអាមេរិក។ បើតាមមេដឹកនាំម៉ាឡេស៉ីរូបនេះ ចិននិងសហរដ្ឋអាមេរិកផ្ទាល់ ក៏ត្រូវតែយល់ផងដែរថា ថាមវ័ន្តនៃទំនាក់ទំនងការទូតអន្តរជាតិសព្វថ្ងៃនេះគឺត្រូវបានផ្លាស់ប្តូរ ហើយសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែននាពេលបច្ចុប្បន្ន ក៏កំពុងជះឥទ្ធិពលទៅលើពិភពលោកទាំងមូលផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA