ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ នេះ  នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ នេះ ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ ។

ជាមួយគ្នានេះ  នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើ ដល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនឃុំ-ស្រុក ឱ្យចេះបន្ទន់ឥរិយាបថ ដើម្បីបម្រើដោយសេចក្ដីស្មោះអស់ពីដួងចិត្តជូនសមាជិក សមាជិកា សមាគម ដោយមិនត្រូវមានចរិតឆ្មើងឆ្មៃ និងមិនត្រូវរើសអើងពួកគាត់ឡើយ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានធ្វើការប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ខ្លួន ដោយនឹងខិតខំបម្រើគ្រប់សកម្មភាពជូនដល់ អតីតយុទ្ធជន និងធ្វើជាសេនាធិការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ពង្រឹងរចនាសម្ព័ន្ធចាប់ពី ថ្នាក់ខេត្ត ដល់ថ្នាក់ស្រុក និងជាពិសេសដល់ថ្នាក់សាខា ស.អ.ក ឃុំ សង្កាត់ជាអ្នករស់នៅជាប់ផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន ។ គ្រប់គ្រងក្តាប់ឲ្យបានរាល់សកម្មភាពទាំងឡាយណា ដែលអតីតយុទ្ធជនដើរផ្ទុយពីគោលការដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលនយោបាយដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា ។ ខិតខំគៀងគ សប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្របវិច្ចាគ ថវិកា និងសម្ភារៈ ជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក ។ សហការ ការងារក្នុងជួរថ្នាក់ដឹកនាំរបស់សមាគមឲ្យបានល្អ ឲ្យមានតម្លាភាព ឲ្យមានគណនេយ្យភាព កំណត់របបប្រជុំបូកសរុប ដកបទពិសោធន៍ ក្នុងសមាគមតាមអណត្តិបានកំណត់ ៕

ដោយ ៖ សហការី


ចែករំលែក៖