ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ផ្តល់បទពិសោធន៍លើ «ចំណេះដឹង និង ចំណេះចង់»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានផ្តល់បទពិសោធន៍ លើ បញ្ហា «ចំណេះដឹង និង ចំណេះចង់»។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា, ខ្ញុំមានកង្វល់លើបញ្ហា «ចំណេះដឹង និង ចំណេះចង់»។

លោកបញ្ជាក់ថា, ក្នុងចំណោមអ្នកដែលទទួលបានការអប់រំបណ្តុះបណ្តាលបានច្រើន ក៏ដូចជាមានពិសោធន៍ក្នុងការចាត់ចែងជិត៣០ឆ្នាំ ខ្ញុំអាចយល់បាន នូវអ្វីជាមូលដ្ឋានពិតនៃ «ចំណេះដឹង» ដែលត្រូវឆ្លងកាត់ថ្នាលបណ្តុះបណ្តាលត្រឹមត្រូវ ដោយមានគរុកោសល្យ ពីគ្រឹះស្ថានអប់រំផ្លូវការ។ ផ្ទុយទៅវិញ ការអប់រំខ្លីៗ វាមានប្រយោជន៍ខ្លះ ប៉ុន្តែលើទិដ្ឋភាពរួម វាមិនផ្តល់នូវ ចំណេះដឹង ចំណេះគិត និងចំណេះធ្វើ ឱ្យបានត្រឹមត្រូវនោះទេ។ វាគ្រាន់តែជាការបង្កើតនូវការរំភើប និង «ចំណេះចង់» ឬជាចំណង់ដោយរវើរវាយ គ្មានមូលដ្ឋានរឹងមាំ ហើយទីបំផុត វាជំរុញឱ្យបុគ្គលខ្លះ «ចង់តាមបែបផ្លូវកាត់» ដែលមិនយូរប៉ុន្មាន វាឃើញមហន្តរាយជាក់ស្តែង។ ភាពជោគជ័យ គ្មានផ្លូវកាត់ទេ គឺត្រូវតែទៅតាមផ្លូវអត់ធ្មត់ តស៊ូ សន្សំ និងប្រើពេលវេលា។

– ក្នុងករណីខ្លះ សូម្បីតែក្នុងវិជ្ជាជីវៈកាសែតក៏ដោយ បើមិនឆ្អិន បើមិនឆ្លងកាត់ការបណ្តុះបណ្តាល នៅពេលអនុវត្ត គឺវាឆៅហើយ។ ទាំងអស់គ្នាបានឃើញ។

– វាគ្មិន ដែលចែករំលែកបទពិសោធន៍ ក៏មិនអាចជាគ្រូបង្រៀននោះទេ ពីព្រោះពួកគេ គឺសូន្យឈឹងលើផ្នែកគរុកោសល្យ។ បើរៀនតាមផ្លូវកាត់ ហើយមានប្រយោជន៍ខ្លាំង លើពិភពលោកនេះ គេមិនចាំបាច់បង្កើតសាកលវិទ្យាល័យ ហើយរៀនមិនតិចជាង២០ឆ្នាំ រហូតដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនោះទេ។ ខ្ញុំយល់ស្របថា ការបើកវគ្គខ្លីៗ គឺមិនខុសទេ ប៉ុន្តែវាជាការបំប៉នបន្ថែម ពីការវិវត្តន៍ថ្មីៗ លើអ្វីដែលអ្នកមានជំនាញកំពុងធ្វើ។ ប៉ុន្តែ សម្រាប់អ្នកសូន្យផ្នែកមូលដ្ឋានគ្រឹះ គឺដាក់មិនត្រូវទេ។ សូម្បីការនិយាយជាសាធារណៈក៏ដោយ បើគ្មានគ្រឹះ ថ្លឹងមិនគ្រប់ គឺជះប្រតិកម្មហើយ។

– ក្នុងអាជីវកម្ម ឬមុខជំនួញក៏ដោយ បើគ្មានមូលដ្ឋានគ្រឹះ ទាំងការដឹកនាំ ការចាត់ចែង ការគណនាហិរញ្ញវត្ថុ ទីផ្សារ និងផ្នែកប្រតិបត្តិការ ដោយយកត្រឹមសម្តីមួយឃ្លា មួយប្រយោគ យកទៅអនុវត្ត គឺវាច្បាស់ជាលិចលង់ និងបង្កអន្តរាយមិនត្រឹមតែបុគ្គល គឺដល់សេដ្ឋកិច្ចមូលដ្ឋាន។ 

– ភាពជោគជ័យ គ្មានផ្លូវកាត់ទេ។ ផ្លូវកាត់មានតែមួយគត់ គឺ លួច ប្លន់ និងបោកបញ្ឆោត។ ប៉ុន្តែ ដើម្បីឱ្យមុខរបរមួយរីកចម្រើន គឺត្រូវឆ្លងកាត់ពេលវេលាអនុវត្តមិនក្រោម១០ឆ្នាំនោះទេ។ គ្មានឡើយ ផ្លូវកាត់ សូម្បីតែក្នុងដំណើរឆ្ពោះទៅធ្វើនយោបាយ។ 

– មុខរបរកាត់ស្តុកនេះ ក៏ខ្ញុំព្រួយបារម្ភដែរ ព្រោះជាការធ្វើតាមគ្នាច្រើនជាង ឬត្រូវបានគេលួងឱ្យធ្វើ ច្រើនជាងការឆ្លើយតបតម្រូវការទីផ្សារ។ ទីបំផុត របស់កកជាប់នៅក្នុងស្តុក ហើយដើមទន់ជាប់នៅធនាគារ ឬខ្ចីនិងប្រមូលពីសាច់ញាតិ ដែលបង្កឱ្យអន្តរាយគ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋាន។ 

*** ការចែករំលែកនេះ គឺមិនបានហាមឃាត់អ្វីទេ ប៉ុន្តែទាំងអស់គ្នា ត្រូវមានការពិចារណាលើផលប្រយោជន៍រួមរបស់សង្គម។ ការយកចំណេញលើអ្នកទន់ខ្សោយ គឺធ្វើឱ្យសង្គមរួមរបស់យើង នៅតែទន់ខ្សោយ។ យើងត្រូវជួយសង្គមនេះឱ្យប្រសើរទាំងអស់គ្នា ទើបជាពលរដ្ឋល្អ ហើយប្រទេសជាតិយើងកាន់តែល្អប្រសើររុងរឿង៕

ដោយ ៖ សិលា


ចែករំលែក៖