ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ៤៤៨៥នាក់ រឹបអូសថ្នាំញៀនជាង ២៤០គីឡូក្រាម​ ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន​ ១៨៦៨ករណីទូទាំងប្រទេស​ គិតត្រឹម​រយៈពេល​៣ខែដំបូងនេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹក​ថ្ងៃសៅរ៍ទី១ ខែមេសា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា៖​ កម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន (ទាំងនគរបាល និងអាវុធហត្ថ) បានបង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀនចំនួន ១៨៦៨ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤៤៨៥នាក់ និងរឹបអូសថ្នាំញៀនជាង២៤០គីឡូក្រាម នៅទូទាំងប្រទេស​ ,នេះបេី​គិតត្រឹម​រយៈពេល៣ខែដំបូង​ ក្នុងឆ្នាំ២០២៣នេះ។ 

របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបង្ក្រាបសរុប ១៨៦៨ករណី ក្នុងនោះករណីជួញដូរ ៥៨៤ករណី ឃាត់មនុស្ស ១២១៩នាក់ (ស្រី១១២នាក់), ករណីដឹកជញ្ជូន រក្សាទុក ៦៤៣ករណី ឃាត់មនុស្ស១០៨៧នាក់ (ស្រី៦៨នាក់), ករណីផលិតកែច្នៃ១ករណី, ករណីបើកបរក្រោមឥទ្ឋពលគ្រឿងញៀន ៤ករណី ឃាត់៤នាក់, ករណីចាត់ចែងសម្រួល ៤ករណី ឃាត់មនុស្ស ១១នាក់ (ស្រី១នាក់), ករណីដាំដុះ ៤ករណី ឃាត់៦នាក់ និងប្រើប្រាស់ ៦២៨ករណី ឃាត់មនុស្ស ២១៥៨នាក់ (ស្រី១១១នាក់)។ ក្នុងចំណោមជនសង្ស័យដែលមានឃាត់ខ្លួន មានជនបរទេសចំនួន ៦៧នាក់ (ស្រី២នាក់) ដែលមានសញ្ជាតិចំនួន៧។

សូមជម្រាបថា​ សម្រាប់សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានទម្ងន់ជាង២៤០គីឡូក្រាម, កញ្ឆា ២៣០៣ដើម, កញ្ឆាស្ងួត ជាង៥គីឡូក្រាម និងសារធាតុគីមី ៣៣គីឡូក្រាម។ សម្ភារចាប់យកមានរថយន្ត ៤២គ្រឿង, ម៉ូតូ ៣៥៨គ្រឿង, ទូរស័ព្ទ ១,២៩៩គ្រឿង, ជញ្ជីង ៨៣គ្រឿង, អាវុធខ្លី ១៥ដើម និងអាវុធវែង៦ដើម (កែច្នៃ៦ដើម) រួមជាមួយវត្ថុតាងមួយចំនួនទៀត៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖