ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅយកឪពុកនៅកន្លែងធ្វើការ ទើបបានពាក់កណ្តាលផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូហុងដាបុកបណ្តាលឲ្យ ដួលបោកក្បាល ស្លាប់ភ្លាមៗ ហើយភាគីម្ខាងទៀត របួសស្រាលបានលើកម៉ូតូជិះចេញទៅបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លីម សុខា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកផ្សារអុីអន២ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JL-7520 ចេញពីផ្ទះ នៅខាងក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ ឆ្ពោះទៅយកឪពុកនៅកន្លែងធ្វើការនៅបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ដោយ ធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ត្រូវម៉ូតូហុងដាឌ្រីមដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាបុកបណ្តាលឲ្យ ដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ដោយមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា ជនរងគ្រោះជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិស រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ៖ សុខាសែនជ័យ