ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ លោក Sameh SHOUKRY រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី និងលោក Sameh_SHOUKRY បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលបានកសាងឡើងដោយ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Gamal Abdel Nasser អតីតប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលជាសមាជិក ស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។
រដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់ អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងស្រប ពេលនឹងខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងបានពិភាក្សាអំពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការក្នុងវិស័យនានា បន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោករដ្ឋមន្ត្រីការបរទេស Sameh SHOUKRY ក៏បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួង ការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពជំរុញឲ្យ មានការចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ។
ឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនង លោករដ្ឋមន្ត្រី – Sameh_SHOUKRY បាន ជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អេហ្ស៊ីបនឹងពិចារណាបើកស្ថានទូតរបស់ខ្លួន នៅភ្នំពេញ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ និងបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងបានជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាង ក្រសួងពាក់ព័ន្ធរបស់ប្រទេស ទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយក ប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរប្រើប្រាស់ សក្តានុពលនៃប្រទេសរៀងៗខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិចារណារៀបចំ អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានផ្ដល់ អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអេហ្ស៊ីប រួមទាំងនិស្សិតចំនួន ៩២ នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងបានស្នើភាគីអេហ្ស៊ីបពិចារណារផ្តល់អារូបករណ៍លើមុខជំនាញ បច្ចេកទេសបន្ថែមទៀត រួមទាំងក្នុងកសិកម្ម និងឌីជីថលនូបីយកម្ម ដែលសំណើនេះទទួលបានការ ឯកភាពពីសមភាគីអេហ្ស៊ីប។ លោករដ្ឋមន្ត្រី Sameh_SHOUKRY ក៏បានឯកភាពចែករំលែកនូវ បទពិសោធន៍ល្អៗនៅក្នុងវិស័យកសិកម្ម និងបើកចំហរសម្រាប់ការបណ្តុះបណ្តាល និងទំនាក់ទនង ដោយផ្ទាល់រវាងអ្នកកជំនាញរបស់ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីទាំងពីររូប បានសំដែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលជាផ្លែផ្កាដ៏ត្រចះ ត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជាពិសេស ការចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៣ ដូចជា (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ វប្បធម៌ (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌ និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានសិក្សាការទូតអេហ្ស៊ីប។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់ សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះទស្សនវិស័យដូចគ្នារវាងប្រទេសទាំងពីរលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន និងបានប្តេជ្ញាចិត្តចំពោះពហុភាគីនិយម សន្តិភាពសកលលោក សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា និងប្រតិបត្តិការរក្សាសន្តិភាព។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ សមភាគីអេហ្ស៊ីប ដែលបានអះអាងសាជាថ្មីនូវការគាំទ្រពេញទំហឹងរបស់អេហ្ស៊ីបចំពោះបេក្ខភាពកម្ពុជា ដើម្បីក្លាយជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (Organization of Islamic Cooperation-OIC) 1
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Sameh Shoukry ក៏បានផ្លាស់ប្តូរ យោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងប្រយោជន៍រួម។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញ លោក Sameh Shoukry រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅពេលវេលាសមស្របទៅវិញទៅមក។ លោក SamehSHOUKRY បានទទួលយកនូវការ អញ្ជើញនេះដោយក្តីសោមនស្សរីករាយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតពេលស្នាក់នៅទីក្រុងគែរ ជួប សំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ៧០នាក់ ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប នៅ ស្ថានឯកអគ្គរាជទូតកម្ពុជា៕
ដោយ ៖ សិលា