ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិដែលសម្ដេចចុះមកកាន់ស្រុកក្រូចឆ្មារក្នុងឆ្នាំ១៩៨២ ពេលនោះកម្មវិធីពេលព្រឹកដល់ពេលចាក់ភ្លេងជាតិបែរជាឮបទចម្រៀងទៅវិញ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងថា សម្ដេចភ័យខ្លាំងបំផុតពេលក្នុងកម្មវិធីមានការចាក់ភ្លេងគោរពទង់ជាតិ ព្រោះសម្ដេចធ្លាប់មានបទពិសោធន៍ដែលថាជារឿងអស់សំណើចក៏ថាបានមួយ។

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិដែលសម្ដេចចុះមកកាន់ស្រុកក្រូចឆ្មារក្នុងឆ្នាំ១៩៨២ ពេលនោះកម្មវិធីពេលព្រឹកដល់ពេលចាក់ភ្លេងជាតិបែរជាឮបទចម្រៀងទៅវិញ។

សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «ចាក់គោរពទង់ជាតិគោរពស្រាប់តែឮថា ឱស្នេហ៍មាសបង! (សើច) ពេលហ្នឹងគេចាក់ម៉ាញ៉េ ព្រោះពេលយប់អ្នកយាមគេចាក់ចម្រៀងដល់ព្រឹកឡើងភ្លេចដូរកាសែត»។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរកម្មវិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដែលសិស្សានុសិស្សច្រៀងចម្រៀងជាតិគោរពទង់ជាតិតែម្ដង។

សម្ដេចតេជោលើកទឹកចិត្តដល់ដល់គ្រប់សាលាទាំងអស់រៀបចំឱ្យមានច្រៀងគោរពទង់ជាតិ ខណៈទាហានប្រជុំជួរគួរធ្វើបែបនេះផងដែរ។ 

សូមបញ្ជាក់ថា, ក្រៅពីផ្ដាំឱ្យថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកឱ្យបានជាប់លាប់ ជាមួយគ្នានេះសម្ដេចបានផ្ដាំឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យឱ្យទាន់សម័យ។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការសម្រេចការសាងសង់គឺជាជោគជ័យមួយហើយ តែអ្វីដែលជាការលំបាកគឺការថែរក្សាមន្ទីរពេទ្យថ្មីនេះឱ្យរក្សាបាននូវភាពល្អស្អាត និងទាន់សម័យ ៕

ដោយ ៖ សហការី


ចែករំលែក៖