ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៦នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែមេសានេះ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធិ ២លើក បត់មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក។
ជាមួយគ្នានោះ នៅថ្ងៃដដែលនេះ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានចំនួនគោលដៅសរុប ៨២គោលដៅ ក្នុងនោះយានយន្តចូលគោលដៅចំនួន ១៨៩គ្រឿង ម៉ូតូ ១៨គ្រឿង ជាក់ស្ដែងរកឃើញយានយន្តល្មើសសរុបចំនួន ៦៦គ្រឿង មានម៉ូតូចំនួន ១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
បន្ថែមពីនេះ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ៕
ដោយ៖ សហការី(រូបភាព៖ ឯកសារ)