ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍

ចែករំលែក៖

ទីក្រុងសៀងហៃ៖ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះក៏មានការផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍ផងដែរ។

ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ​ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាទៅទស្សនកិច្ច និងចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ វិទ្យាស្ថានទេសចរណ៍សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក ខាង នាន (Kang Nian) នាយកវិទ្យាស្ថាន។

អនុស្សរណៈផ្ដោតសំខាន់លើចំណុចចំនួន៦ ដូចខាងក្រោម៖

១. ជំរុញកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលភាសាចិននិងខ្មែរក្នុងវិស័យទេសចរណ៍។

២. ជំរុញនិងបង្កើនកម្មវិធីផ្លាស់ប្តូរការសិក្សាភាសាចិនរយៈពេលខ្លី។

៣. ជំរុញការផ្លាស់ការសិក្សារបស់សិស្ស និស្សិត ជំនាញទេសចរណ៍រវាងចិននិងកម្ពុជា។

៤. ផ្លាស់ប្តូរបទពិសោធន៍ និងវគ្គគ្រប់គ្រងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍។

៥. ការរៀបចំសិក្ខាសាលាស្តីពីវិស័យទេសចរណ៍ ផ្ដោតសំខាន់លើការអភិវឌ្ឍ វិនិយោគ វប្បធម៌ បេតិកភណ្ឌ ការអប់រំ និងការគ្រប់គ្រង។

៦. ជំរុញទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

សូមបញ្ជាក់ថា អនុស្សរណៈនេះមានសុពលភាពរយៈពេល៣ឆ្នាំ។ ដោយឡែក អំឡុងវិបត្តិកូវីដ-១៩ មុនចុះអនុស្សរណៈ វិទ្យាស្ថានទេសចរណ៍សៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានផ្ដល់អាហារូបករណ៍ចំនួន២០ មកមន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា សិក្សាអនឡានរយៈពេលខ្លី ហើយសិក្ខាកាមកម្ពុជា បានសិក្សាប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។ សម្រាប់អាហារូបករណ៍បន្ទាប់នឹងតម្រូវឲ្យមកសិក្សាផ្ទាល់ ដែលអាចជាវគ្គខ្លី និងវែង។

នាអំឡុងទស្សនកិច្ចនោះដែរ តំណាងក្រសួងទេសចរណ៍ក៏បានធ្វើបទបង្ហាញអំពីទេសចរណ៍កម្ពុជាដល់សាស្ត្រចារ្យ និងនិស្សិតនៃវិទ្យាស្ថានសៀងហៃផងដែរ ដើម្បីបង្ហាញអំពីភាពទាក់ទាញទេសចរណ៍នៅកម្ពុជា និងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ ដូចមានក្នុងអនុស្សរណៈ៕

ដោយ​៖ សហការី​


ចែករំលែក៖