ប្រធានរដ្ឋសភាអាមេរិក លោក Kevin McCarthy បានប្រកាសថា លោកនឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់នៅថ្ងៃទី៥ខែមេសា នៅកាលីហ្វ័រនីញ៉ា។ ក្នុងពេលនេះដែរ ចិនព្រមានថា ជំនួបរវាងលោកស្រី សៃ នឹងលោក ម៉ាកខាធី នឹងកាន់តែធ្វើឱ្យខូចដល់ទំនាក់ទំនងចិន-អាមេរិក។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ស្ថានកុងស៊ុលរបស់ចិន ប្រចាំទីក្រុងឡូស អាន់ជេឡេស (Los Angeles) នៃរដ្ឋកាលីហ្វ័រនីញ៉ា (California) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានព្រមានថា ជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នឹងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy នឹងកាន់តែធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនឹងទីក្រុងវ៉ាស៊ីនតោន។
ការព្រមានខាងលើរបស់ស្ថានកុងស៊ុលចិនកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ខេវិន ម៉ាកខាធី បាននិយាយថាលោកនឹងជួបជាមួយលោកស្រី សៃ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃពុធសប្ដាហ៍នេះ។ ឆ្លើយតបទៅនឹងការទទួលស្គាល់នេះដែរ អ្នកនាំពាក្យស្ថានកុងស៊ុលចិន បានគូសបញ្ជាក់ដូច្នេះថា «ជំនួបនៅថ្ងៃពុធនឹងឱ្យប៉ះពាល់យ់ាងធ្ងន់ធ្ងរដល់អារម្មណ៍ប្រជាជនចិន ១.៤ពាន់លាននាក់ ហើយវានឹងបំផ្លាញដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិន នឹងសហរដ្ឋអាមេរិក និងមានតែបង្កការខូចខាតបន្ថែមដល់ទំនាក់ទំនងនៃប្រទេសទាំង២ប៉ុណ្ណោះ»។
បច្ចុប្បន្ន លោកស្រី សៃ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសបេលី ហើយលោកស្រីគ្រោងនឹងធ្វើដំណើរត្រឡប់ទៅតៃវ៉ាន់វិញជាមួយគម្រោងឈប់សំចតនៅរដ្ឋកាលីហ្វ័រនីញ៉ា ជាទីដែលលោកស្រីនឹងត្រូវជួបជាមួយលោក ម៉ាកខាធី។ ជំនួបនេះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំតៃវ៉ាន់ នឹងប្រធានសភាតំណាងរាស្ត្រអាមេរិកនៅលើទឹកដីអាមេរិក៕ ដោយ៖ ធីរីណា
រូបថត ៖ Getty