ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់រថភ្លើងធ្ងន់ធ្ងរនៅប្រទេសហុល្លង់ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

គ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងរទើបតែកើតឡើងនៅប្រទេសហុល្លង់កាលពីព្រឹកថ្ងៃទី៤ ខែមេសា បណ្តាលឱ្យទូរថភ្លើងចំនួន៣ ក្រឡាប់និងមនុស្សរាប់សិបនាក់រងរបួស ។
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង៣និង២៥ នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមេសា នៅក្នុងភូមិ Voorschoten ក្បែរទីក្រុងឡាអេ នៅពេលដែលរថភ្លើងដឹកមនុស្ស៥០នាក់កំពុងធ្វើដំណើរពី Leiden ទៅកាន់ទីក្រុងឡាអេ។
គ្រោះថ្នាក់នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់និងរបួស៣០នាក់ក្នុងនោះច្រើននាក់របួសធ្ងន់។ តាមរូបភាពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅព្រឹកព្រលឹម ក្រុមសង្គ្រោះកំពុងនៅកន្លែងកើតហេតុយកអ្នករបួសចេញពីទូរថភ្លើងដែលបាក់។
បច្ចុប្បន្នមនុស្សចំនួន១៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយជាច្រើននាក់ទៀតកំពុងព្យាបាលនៅកន្លែងកើតហេតុ។ មន្ត្រីផ្លូវដែកហុល្លង់លោក Carola Belderbos បាននិយាយថា រថភ្លើងបានបុករថយន្តស្ទូច ហើយក្នុងចំណោមអ្នករងរបួសមានអ្នកបើកបររថភ្លើងនិងអ្នករួមដំណើរពីរនាក់។
យោងតាមព័ត៌មានពីភ្នាក់ងារជួយសង្គ្រោះបានឱ្យដឹងថា ទូរថភ្លើងខាងមុខរថភ្លើងពេលយប់បានក្រឡាប់ ចំណែកទូរថយន្តទីពីរបានក្រឡាប់ទៅម្ខាង ហើយទូរថភ្លើងចុងក្រោយបានឆេះ ប៉ុន្តែត្រូវបានពន្លត់ទាន់។
ដំបូងឡើយមានព័ត៌មានខ្លះថារថភ្លើងដឹកអ្នកដំណើរបុកជាមួយរថយន្តដឹកទំនិញ។ អ្នកនាំពាក្យផ្លូវដែកហុល្លង់លោក Erik Kroeze បាននិយាយថា រថភ្លើងដឹកដីសបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីមួយចំនួនដែលនិយាយថា រថភ្លើងបានបុករថយន្តស្ទូចសំណង់ដែលបណ្តាលឱ្យក្រឡាប់។
លោក Jeroen Wienen នៃក្រុមហ៊ុន Prorail ដែលមានជំនាញក្នុងការថែទាំផ្លូវដែកបាននិយាយថា អាជ្ញាធរពាក់ព័ន្ធបានធ្វើការស៊ើបអង្កេតដោយមានការចូលរួមពី Prorail ប៉ូលិស និងក្រុមប្រឹក្សាសុវត្ថិភាពហុល្លង់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖