ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន ៨នាក់ ពាក់ព័ន្ធករណីផលិត កែច្នៃគ្រឿងញៀនខុសច្បាប់ រួមនិងរឹបអូសគ្រឿងញៀនជិត ៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី០៥ ខែមេសា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ ដោយមានការដឹកនាំសម្របសម្រួលពី លោក អ៊ុំ សុភ្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងការសម្អាតប្រាក់(ក៥) និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុចបណ្តោយផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអនម៉ល៣ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់រួមមាន ៖
១-ឈ្មោះ សុខ ផារ៉ា ហៅ ញ៉ាញ់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ
២-ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ
៣-ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ
៤-ឈ្មោះ ប៉ុល វាសនា ភេទស្រី ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ
៥-ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ
៦-ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ
៧-ឈ្មោះ ឡុង ប៊ុន ហៅ LENG BINH ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ
៨-ឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ
រឹបអូសវត្ថុតាងគ្រឿងញៀនរួមមាន ៖
-គ្រឿងញៀនប្រភេទកេតាមីន(Ketamine) ទម្ងន់២០៧៦ក្រាម (២គីឡូ ៧៦ក្រាម)
-សារធាតុមិនច្បាស់ ទម្ងន់១០៦៨៨,៣៤ក្រាម (១០គីឡូ ៦៨៨,៣៤ក្រាម)
-ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ
-អាវុធខ្លី០១ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី