នៅក្នុងដំណើរទស្សនកិច្ចនេះវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺជារបៀបវារៈសំខាន់ បន្ទាប់មកគឺបញ្ហាអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នឹងផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះក្នុងក្ដីសង្ឃឹមថា លោកអាចនឹងបញ្ចុះបញ្ចូលកុំឱ្យចិនលូកដៃជួយ
រុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយក៏រំពឹងដែរថាអាចនឹងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។
នៅមុនដំណើរទស្សនកិច្ច មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំងបានប្រាប់អ្នកសារព័ត៌មានថា គោលបំណងរបស់លោក ម៉ាក្រុង ក្នុងនោះរួមមានការថែរក្សានិងការធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាងចិននឹងសហភាពអឺរ៉ុប ព្រមទាំងការពារផលប្រយោជន៍របស់បារាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីដែលទីក្រុងប៉ារីសចាត់ទុកខ្លួនឯងថាជាតួអង្គសំខាន់មួយនឹងគេដែរ ដោយសារតែមានដែនដីនៅឯនាយសមុទ្រក្នុងតំបន់នេះ។ លើសពីនេះទៅទៀត បើតាមសេតវិមាន លោក ម៉ាក្រុង ក៏បានពិភាក្សាពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន និងការគាំទ្រសម្រាប់អ៊ុយក្រែន អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ផងដែរ។ សេតវិមានបន្ថែមថាមេដឹកនាំទាំង២ បាននិយាយថាពួកគេថែមទាំងចង់ឱ្យចិនជួយពន្លឿនការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទៀតផង។
លោក ម៉ាក្រុង និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅវេលាម៉ោង ៣ៈ៣០នាទីរសៀលថ្ងៃពុធនេះ ហើយនឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN