ភ្នំពេញ ៖ នាថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប, លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់គម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា” (Improved Competitiveness of National Enterprises in Cambodia-ICONE) ។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង ICONE ឆ្នាំ២០២២-២០២៣ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្តរបស់គម្រោង ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ដែលជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៩, តំណាងរដ្ឋបាលខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង, ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE សរុបប្រមាណ ៣០ រូប ៕
ដោយ ៖ សិលា