ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ឯកលោកអនុរដ្ឋលេខាធិការ ចាន់ រតនា បានទទួលជួបលោក SHIBATA Atsuki នាយកប្រតិបតិ្តនៃក្រុមហ៊ុន Shibata Industrial ដើម្បីពិភាក្សាពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shibata នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់តាមរយៈផេក ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសានេះ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា,នៅក្នុងជំនួបនេះ លោក ចាន់ រតនា បានលើកសង្ខេបពីលក្ខខណ្ឌអាកាសធាតុ និងវិស័យអាទិភាព ដូចជា កសិកម្ម និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ក៏ដូចជាសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Shibata ពិចារណាបង្កើតរោងចក្រ នៅកម្ពុជា សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេស។ លោក SHIBATA បានធ្វើបទបង្ហាញខ្លីពីសកម្មភាពគម្រោងសាកល្បងរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្តរបស់កម្ពុជា និងសម្តែងពីបំណងក្នុងការបង្កើតរោងចក្រ នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា, ៤ថ្ងៃកន្លងទៅ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះលើ facebook ផ្លូវការផ្ទាល់ខ្លួន របស់លោក រម្លឹកពីប្រវត្តិអតីតកាល ដោយសំណេរថា, កាលពី ៥៣ឆ្នាំមុន ខ្ញុំបានផ្លាស់ពីទីក្រុងមូស្គូ មកទីក្រុងគែរ ដើម្បីបន្តការសិក្សាភាសាបារាំងរយៈពេលជាង១០ខែ។ បន្ទាប់ពីខ្ញុំត្រូវត្រឡប់មកស្រុកកំណើតវិញជាអកុសល កម្ពុជាក៏បានធ្លាក់ចូលក្នុងរបបខ្មែរក្រហម។
លោកលើកថា, តែថ្ងែនេះ ខ្ញុំអាចនិយាយបានថាជាសំណាង ហើយក៏រីករាយណាស់ដែរ ដែលបានត្រឡប់មកទីនេះម្តងទៀតដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តីការបរទេស សាមេហ្វ ស៊ូគ្រី សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយខ្ញុំក៏បានអញ្ជើញគាត់មកកម្ពុជានាពេលឆាប់ៗខាងមុខ។ លើសពីនេះ យើងស្វាគមន៍ចំពោះការពិចារណារបស់អេហ្ស៊ីបក្នុងការបើកស្ថានទូតនៅទីក្រុងភ្នំពេញ។
ខ្ញុំក៏ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតខ្មែរចំនួន ៧០នាក់ ដែលកំពុងសិក្សានៅអេហ្ស៊ីប ព្រមទាំងបានឆ្លៀតរំឮកអនុស្សាវរីយ៍របស់ខ្ញុំនៅទីនេះ ដែលជាទីក្រុងបុរាណ ពោរពេញទៅដោយប្រវត្តិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែប ៕
ដោយ ៖ សិលា