សេអ៊ូល ៖ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួមវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ ឆ្នាំ២០២៣ (KOPIST High-Level Policy Forum 2023) របស់ស្ថាប័នជាតិទេសចរណ៍កូរ៉េ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីសេអ៊ូល។
នាឱកាសនោះ លោករដ្ឋលេខាធិការបានចូលរួមកិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់ (HODs) ជាមួយលោក Hwang Young Hyun អ្នកសម្របសម្រួលកម្មវិធី ដើម្បីត្រៀមរៀបចំវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរនៅក្នុងទីផ្សារទេសចរណ៍ និងពិភាក្សាលើការណែនាំអំពីគោលនយោបាយទេសចរណ៍ ដែលមានអ្នកចូលរួមពីប្រទេសចំនួន១០ នៅសណ្ឋាគារ Grand Hyatt Seoul។ វេទិកាខាងលើនេះបានផ្តោតទៅលើប្រធានបទ៖ ការផ្លាស់ប្តូរទស្សនឧស្សាហកម្មទេសចរណ៍ និងការឆ្លើយតបគោលនយោបាយប្រកបដោយការទទួលខុសត្រូវខ្ពស់។
វេទិកានេះដែរមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញ និងធ្វើការពិភាក្សាគ្នា ដើម្បីពិនិត្យមើលគោលនយោបាយទេសចរណ៍សំខាន់ៗ និងដំណោះស្រាយជាយុទ្ធសាស្រ្តនាពេលអនាគត ដែលជាឱកាសក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។
លោក ថោង រដ្ឋសក្តិ ក៏បានជួបពិភាក្សាជាមួយលោកស្រី Kang Ji Eun ប្រធានផ្នែកទេសចរណ៍អន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ ដើម្បីពិភាក្សាការងារលើផែនការសកម្មភាពឆ្នាំ២០២៤ ស្តីពី Meetings Incentives, Conferences, and Exhibitions (MICE) និងជើងហោះហើរត្រង់ពីកូរ៉េ-កម្ពុជា (សេអ៊ូល-សៀមរាប ក្នុងមួយសប្តាហ៍២ជើង) ដោយកន្លងមកកម្ពុជាមានជើងហោះត្រង់ជាមួយកូរ៉េ-កម្ពុជា (សេអ៊ូល-ភ្នំពេញ ២ជើងក្នុងមួយសប្តាហ៍)។
គួរបញ្ជាក់ថា មន្រ្តីជំនាញនៃក្រសួងទេសចរណ៍នឹងបន្តការសិក្សាផ្ទាល់ចាប់ពីថ្ងៃទី៧-២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំកម្រិតជំនាញ។ ដោយកម្មវិធីបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ការយល់ដឹង និងជំនាញសំខាន់ៗ ដើម្បីគាំទ្រដល់ការរចនាគម្រោងអភិវឌ្ឍន៍ទេសចរណ៍នាពេលអនាគតប្រកបដោយនិរន្តភាព និងភាពធន់៕
ដោយ ៖ សហការី