ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»។
ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសនេះ ធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ព្រះមហាក្សត្រត្រាស់បង្គាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សហការី