ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបញ្ជាក់ពីអត្ថប្រយោជន៍ផ្កាកេសរកូលចំពោះសុខភាព​

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះថា ផ្កាកេសរកូលមិនគ្រាន់តែស្រស់ស្អាត និងគួរឱ្យចង់គយគន់ប៉ុណ្ណោះទេ វាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សផងដែរ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំនួន៥ ដែលទទួលបានពីការដាំផ្កាកេសរកូលនៅក្នុងផ្ទះឬកន្លែងធ្វើការ៖

១. ពង្រឹងគុណភាពខ្យល់ ៖ រុក្ខជាតិមានតួនាទីស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសជុំវិញវា ហើយបញ្ចេញអុកស៊ីសែនត្រឡប់ទៅក្នុងខ្យល់វិញ។ ខណៈមនុស្សស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ ម្ល៉ោះហើយរុក្ខជាតិ និងមនុស្សផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ ការដាំផ្កាកេសរកូលនៅផ្ទះឬកន្លែងធ្វើការនឹងជួយឱ្យការដកដង្ហើមរបស់យើងកាន់តែមានភាពស្រស់ស្រាយ និងបរិសុទ្ធ ព្រមទាំងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ផងដែរ ។  

២. កាត់បន្ថយភាពតានតឹង ៖ ការតុបតែងលម្អផ្កាកេសរកូលនៅកន្លែងធ្វើការឬក្នុងផ្ទះអាចជួយបន្ធូរភាពតានតឹងរបស់យើងបានច្រើន ដោយផ្ដល់ឱ្យយើងនូវអារម្មណ៍ស្រស់ស្រាយ និងឱ្យយើងមានអារម្មណ៍ស្ងប់។ ក្រៅពីការជួយឱ្យមានអារម្មណ៍ល្អ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង (cardiovascular disease) និងបញ្ហាជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។ 

៣. កាត់បន្ថយជំងឺដែលកើតមានតាមរដូវ ៖ រុក្ខជាតិជួយបង្កើនសំណើមនៅក្នុងបរិយាកាសជុំវិញវា ដែលអាចជួយឱ្យយើងជៀសផុតពីជំងឺដែលកើតមានតាមរដូវដូចជា ជំងឺឈឺក ជំងឺក្អក និងបញ្ហាស្បែកស្ងួតជាដើម។ ខណៈដែលការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កម្រិតសំណើមខ្ពស់អាចកាត់បន្ថយលទ្ធភាពនៃការកើតមានជំងឺផ្តាសាយ ដូច្នេះការដាំផ្កាកេសរកូលនៅក្បែរខ្លួនគឺអាចការពារអ្នកពីជំងឺផ្តាសាយ និងជំងឺដែលកើតមានដោយសារការប្រែប្រួលរដូវបានយ៉ាងមានប្រសិទ្ធភាព ។  

៤. ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ៖ មិនមែនជារឿងចៃដន្យទេ ដែលយើងឧស្សាហ៍ឃើញរុក្ខជាតិបៃតងមាននៅក្នុងមន្ទីរពេទ្យ ព្រោះវត្តមានរបស់វាអាចជួយកាត់បន្ថយភាពតានតឹង ពង្រឹងគុណភាពខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់អ្នកជំងឺ ។ អត្ថប្រយោជន៍ទាំងនេះអាចជួយកាត់បន្ថយពេលវេលាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ ។ ជាមួយគ្នានេះ ការតុបតែផ្កាកេសរកូលនៅក្នុងបន្ទប់មន្ទីរពេទ្យដែលពោរពេញដោយភាពតានតឹង ក៏ជួយឱ្យអ្នកជំងឺទទួលអារម្មណ៍ធូរស្រាល និងស្រស់ស្រាយដោយសារពណ៌ដ៏ស្រស់បំព្រងរបស់វាផងដែរ ។ 

៥. ពង្រឹងការផ្ដោតអារម្មណ៍ ៖ យោងតាមការសិក្សាមួយរបស់ Michigan University បានរកឃើញថា ការតុបតែង ឬដាក់រុក្ខជាតិនៅក្បែរខ្លួនជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងផលិតភាពការងាររបស់អ្នកឱ្យកាន់តែប្រសើរ ។ ជាពិសេសវាជួយពង្រឹងការចងចាំរបស់អ្នកបានរហូតដល់ ២០ភាគរយឯណោះ ហើយអត្ថប្រយោជន៍ទាំងនេះ ក៏ជួយបង្កើនគុណភាពជីវិតរបស់អ្នកផងដែរ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣  ក្រសួងបរិស្ថានរៀបចំវេទិកាជាតិកេសរកូល ជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅផ្សារទំនើបអុីអន១ រាជធានីភ្នំពេញ ជាមួយការបង្ហាញសិល្បៈនិងពិព័រណ៍កេសរកូលព្រៃកម្ពុជាជាច្រើន៕

ប្រភព ៖ ក្រសួងបរិស្ថាន


ចែករំលែក៖