ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ឆក់យកជីវិតបុរសម្នាក់នៅក្រោមផ្ទះពេលមេឃកំពុងធ្លាក់ភ្លៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងណោចអាធ័ម ខណៈកំពុងអង្គុយក្រោមផ្ទះនៅគ្រាមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ ។ 

   ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឱ្យបុរសម្នាក់ស្លាប់នេះ បានកើតឡើងនាល្ងាចថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះដែល ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

   តាមសេចក្តីរាយការណ៍នានាននៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ កាន់ គឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិ.ឃុំកើតហេតុ ។

    ប្រភពឱ្យដឹងទៀតថា នៅវេលាកើតហេតុផ្ទៃមេឃពណ៌ខ្មៅ ធ្លាក់ខ្យល់ ធ្លាក់ភ្លៀងលាយឡំទៅដោយផ្គរនិងរន្ទះ ពេលនោះមានផ្លេកបន្ទោព្រាកៗ ស្រាប់តែលាន់ឮសំឡេងរន្ទះបាញ់គ្រាំងតែម្ដង ហើយជនរងគ្រោះ(កាន់ គឹម)ដួលខ្ពោកដល់ដីទៅហើយ ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញដែរ ប៉ុន្តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្នុងនោះមានការខូចខាតដូចជា បែកជើងសសរផ្ទះ ពាងទឹក និងផ្ទាំងសឡាផងដែរ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖