ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៧៧៩)។ នេះបេីយោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ កាលពីថ្ងៃទី​០៧​ ខែមេសា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។ 

របាយការណ៍ដដែល​បន្តថា​ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជនជាតិចិន ឈ្មោះ SONG HUILING កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧ កាន់លិខិតឆ្លងដែនលេខ EG6006217 ដែល សង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅខេត្តកោះកុង។

ក្រោយទទួលបានសំណើសុំអន្តរាគមន៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅខេត្តកោះកុង។ តាមការបំភ្លឺរបស់សាមីខ្លួនបានឱ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជានៅ ចុងខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងមកស្នាក់នៅ និងធ្វើការក្នុងក្រុមហ៊ុនមួយកន្លែងនៅខេត្តកោះកុង តាមរយៈភ្នាក់ងារស្វែងរកការងារនៅប្រទេសចិន។ អំឡុងពេលធ្វើការអស់រយៈពេល ០៦ខែ គឺពុំមានការបង្ខាំង បិទសិទ្ធសេរីភាព ឬធ្វើទារុណកម្មនោះទេ ប៉ុន្តែដោយសាររូបនាងមានបំណងចង់ត្រឡប់ទៅប្រទេសចិនវិញ ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដាក់សំណើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយសារតែខ្លួនធ្លាប់បានសុំក្រុមហ៊ុនលាឈប់ចំនួន ០២លើក ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត ព្រោះក្រុមហ៊ុន កំពុងខ្វះបុគ្គលិក និងស្នើសុំរូបនាងឱ្យជួយបន្តការងាររហូតដល់មានបុគ្គលិកថ្មីមកជំនួស ។ ផ្អែកតាមការ ពិនិត្យស្ថានភាពជាក់ស្ដែង និងការបំភ្លឺរបស់សាមីខ្លួន ករណីនេះក្រុមប្រតិបត្តិការពិនិត្យឃើញថា មិនមាន ការបង្ខាំង ឬធ្វើទារុណកម្មនោះទេ ផ្ទុយទៅវិញ គឺឈ្មោះ SONG HUILING ស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ ឱ្យខ្លួនបានឈប់ពីការងារ និងត្រឡប់ទៅប្រទេសកំណើតវិញ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ SONG HUILING ទៅកាន់មណ្ឌលត្រៀមបណ្តេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្ដរជាតិជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖