ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាអ្នកណាម្នាក់ក៏អាចរៀនបទពិសោធន៍ពីមនុស្សម្នាក់ទៀតបានដែរ ខណៈភាពជោគជ័យរបស់សម្ដេចគឺដោយសារសិក្សាពីមនុស្សគ្រប់រូបនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា មិនថាឡើយអ្នកទាំងនោះជា អាចារ្យ គ្រូបង្រៀន ព្រះសង្ឃ ស្ត្រី នគរបាល ឬជនមានពិការភាពនោះទេ គឺយើងអាចសិក្សាអ្នកទាំងនោះទាំងអស់ ដោយថា «នរណាម្នាក់ក៏ជាគ្រូយើងដែរ» ។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ក្នុងជីវិតនយោបាយទូទៅរបស់ខ្ញុំ តែងតែជោគជ័យជារៀងរហូតមកពិសេសគឺធានាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជីវិតនយោបាយរបស់សម្តេច តែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ សម្តេច បានក្លាយជាមេដឹកនាំជោគជ័យម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលបែកបាក់ដោយសារសង្រ្គាម ក្លាយជាប្រទេសដែលមានការឯកភាពជាតិ ឯកភាពទឹកដី ហើយសម្តេច បានយកជីវិតធ្វើជាដើមទុនទៅប្តូរយកសន្តិភាព និងយកជីវិតដើម្បីធ្វើកំណែទម្រង់រហូតប្រទេសជាតិយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕
ដោយ ៖ សិលា