ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនាទាំងអស់រួមទាំងព្រះពុទ្ធសាសនាផងដែរ ត្រូវបានលុបបំបាត់ចោលនៅក្នុងសម័យប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបសាហាវយង់ឃ្នងមកវិញ វត្តអារាម ក៏បានកើនឡើងបន្តិចម្តងៗ និងចំនួនព្រះសង្ឃក៏កើនឡើងជាលំដាប់ផងដែរ ដែលរហូតមកដល់ពេលនេះ កម្ពុជាយើងមានព្រះសង្ឃចំនួនប្រមាណជាង៥ម៉ឺនអង្គ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ សាសនា គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសង្គម
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនា គឺជាផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ហើយគ្រប់សាសនាទាំងអស់ សុទ្ធតែបង្រៀនឱ្យប្រជាពលរដ្ឋប្រព្រឹត្តិអំពើល្អ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលសង្គមជាតិរីកចម្រើន សាសនាក៏បានរីកចម្រើន ហើយសាសនាក៏បានងាកមកជួយទៅដល់សង្គមជាតិវិញតាមរយៈការអប់រំ ទូន្មានប្រជាជនឱ្យប្រព្រឹត្តនូវអំពើល្អជាកុសល ដែលបានផ្តល់ផ្លែផ្កាជាវិជ្ជមានដល់សង្គមជាតិវិញផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវគួបផ្សំគ្នារវាងពុទ្ធចក្រ និងអាណាចក្រនៅទីនេះ ដើម្បីជួយដល់សង្គមរបស់យើង ហើយធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា និងសាសនាដទៃទៀត សុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម។ ចំណុចនេះដែលគេមិនត្រូវមើលស្រាល ក្នុងការដឹកនាំប្រទេសជាតិមួយ ហើយមើលស្រាលជាមួយតួនាទីសាសនានោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា រដ្ឋក៏ទទួលបានផលប្រយោជន៍ពីព្រះពុទ្ធសាសនា ឬសាសនាដទៃទៀតត្រឡប់មកវិញផងដែរ ពោលមានន័យថា គ្រប់សាសនាទាំងអស់តែងតែអប់រំ ទូន្មានមនុស្សឲ្យធ្វើអំពើល្អ ដូច្នេះអំពើល្អនេះហើយបានជួយដល់រដ្ឋក្នុងការគ្រប់គ្រងសង្គម។ ចំណុចនេះ សម្ដេចអះអាងថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយ តាំងពី៣០ឆ្នាំមុនមកម្ល៉េះ៕
ដោយ ៖ សិលា