ខេត្តពោធិ៍សាត់ ៖ តាមរបាយការណ៍នគរបាលស្រុកកណ្ដៀងកាលពីរសៀលម្សិលមិញថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១០១ ស្ថិតនៅភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអ្នកបើកបររថយន្ត១គ្រឿងបានជ្រុលទៅកិនអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្នុងរបាយការណ៍នគរបាលស្រុកកណ្ដៀងដដែលបានលើកឡើងទៀតថា ភាគីជនរងគ្រោះ(ស្លាប់)ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 1E -7524 ឈ្មោះ ពុំ ចាន់ណារី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តម៉ាក SCANIA ពណ៌សលាយខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1310 ឈ្មោះ ថោង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ(មិនបញ្ជាក់ទីលំនៅ)។
របាយការណ៍នគរបាលលើកឡើងបន្ថែមទៀតថា អ្នកបើកបររថយន្ត(ថោង រដ្ឋា)ប្រាប់សមត្ថកិច្ចថា នៅវេលាខាងលើខ្លួនបានបើករថយន្តក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុឃើញម៉ូតូចំនួន០២គ្រឿងបើកទន្ទឹមគ្នាច្រាសទិសជាមួយខ្លួននិងបើកវ៉ាជែងទំនងកៀរដៃចង្កូតគ្នាទើបបណ្ដាលឱ្យដួលម៉ូតូ ឯស្រ្តីរងគ្រោះបានខ្ទាតមកចូលក្រោមកង់រថយន្តតែម្ដង។ អ្នកបើកបររថយន្ត(ថោង រដ្ឋា)ត្រូវបានបងប្អូនក្រុមគ្រួសារមកធានាទៅផ្ទះជាបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងយោបល់ព្រះរាជអាជ្ញា ឯជនរងគ្រោះស្លាប់សាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកជាបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ៕
ដោយ៖ ប៉ឹម ពិន