ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត ! សមត្ថកិច្ច ៖ ខ្មាន់កាំភ្លើង និងបងថ្លៃស្រី កំពុងសង្គ្រោះបន្ទាន់ ខណៈប្រពន្ធ និងប្អូនថ្លៃប្រុសស្លាប់ , ករណីខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ករណីខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្រុងសៀមរាប នៅតែមានការតាមដានដោយយកចិត្តទុកដាក់ពីមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ។ ត្រង់ថា ខ្មាន់កាំភ្លើង បង្ហាញនូវភាពសាហាវឃោរឃៅ បាត់បង់ការគិតពិចារណា ពីគុណនិងទោស បុណ្យនិងបាប។ 

សូមបញ្ជាក់ថា, ហេតុការណ៍បាញ់ប្រហារមួយបានបង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង នៅព្រឹកថ្ងៃទី០៧​ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារមនុស្ស៣នាក់ ក្នុងនោះ មានប្រពន្ធ, បងថ្លៃស្រី និងប្អូនថ្លៃប្រុស រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។

បើតាមរបាយការណ៍លម្អិតរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលសារព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា , ក្នុងហេតុការណ៍បាញ់ប្រហារនេះ បានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ (ប្រពន្ធ និងប្អូនថ្លៃប្រុស) និង២នាក់ទៀតរបួសធ្ងន់ (ខ្មាន់កាំភ្លើង និងបងថ្លៃស្រី) ខណៈម្ដាយក្មេកម្នាក់ទៀត របួសរលាកភ្លើង ដោយសារជនដៃដល់ដុតខោអាវក្នុងបន្ទប់។

សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍ថា, ជនរងគ្រោះសរុបទាំង៥នាក់ រួមមាន៖

ទី១៖ ឈ្មោះ យ៉ង់ ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ធ) មុខរបរលក់ដូរ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ស្លាប់នៅមន្ទីរពេទ្យ)។

ទី២៖ ឈ្មោះ យ៉ង់ ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ (បងថ្លៃ) មុខរបរលក់ដូរ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប (កំពុងសង្គ្រោះ)។

ទី៣៖ ឈ្មោះ ហាក់ ដារ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបោះដុំបន្លែ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ)។

ទី៤៖ ឈ្មោះ ដារ៉ុង សាណា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (ជួយសង្រ្គោះបានក្រោយដោយជនដៃដល់បង្ខាំងទុកក្នុងបន្ទប់ ពុំមានរងរបួស)។

ទី៥៖ ឈ្មោះ សុន រ៉ាន ភេទស្រី អាយុ៧៣ឆ្នាំ (ម្ដាយក្មេក) រស់នៅភូមិព្រេកស្នង ឃុំព្រេកគយ ស្រុកស្អាង ខេត្តកណ្តាល (រងរបួសរលាកភ្លើងនៅជើងទាំងសងខាង)។

ដោយឡែក ជនរងគ្រោះដៃដល់ ឈ្មោះ ផា លាងហៃ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ប៉ុន្តែកម្លាំងកំណត់ទីតាំងជាក់លាក់មិនទាន់បាន (កំពុងសង្គ្រោះ) ក្នុងស្ថានភាពមុខរបួស មានលក្ខណៈធ្ងន់ធ្ងរដោយសារតែបាញ់សម្លាប់ខ្លួនឯង។ 

តាមរបាយការណ៍ សមត្ថកិច្ចបានរៀបរាប់អង្គហេតុថា នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យជាឃាតក ឈ្មោះ ផា លាងហៃ ប្រដាប់ដោយអាវុធខ្លីម៉ាក CF98 ចំនួន១ដើមក្នុងដៃ បានសម្រុកចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ហាក់ ដារ៉ុង អាយុ៤៥ឆ្នាំ នៅជាន់ទី១ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ហើយបានចាក់សាំងដុតខោអាវនៅមុខបន្ទប់ជនរងគ្រោះ បន្ទាប់មកបានបាញ់ទៅលើជនរងគ្រោះឈ្មោះ ហាក់ ដារ៉ុង ត្រូវចំក្រោមផ្ចិតចំនួន១គ្រាប់ (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍បន្តថា, បន្ទាប់មកជនដៃដល់បានបាញ់ខ្លួនឯងចំនួន១គ្រាប់ ចំណុចក្រោមចង្កា ធ្លាយទៅក្បាល (កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)។

ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន២នាក់ (ឈ្មោះ យ៉ង់ ផល្លី អាយុ៣៩ឆ្នាំ និងឈ្មោះ ហាក់ ដារ៉ុង អាយុ៤៥ឆ្នាំ) ចំណែកឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៥ឆ្នាំ និងជនដៃដល់ឈ្មោះ ផា លាងហៃ អាយុ៤០ឆ្នាំ (កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តថា, ក្នុងនោះឈ្មោះ សុន រ៉ាន ភេទស្រី អាយុ៧៣ឆ្នាំ (ត្រូវជាម្តាយជនរងគ្រោះ និងជាអតីតម្តាយក្មេកជនដៃដល់) បានបន្ថែមថា ជនដៃដល់ និងកូនស្រីរបស់គាត់ឈ្មោះ យ៉ង់ ផល្លី បានលែងលះគ្នាចប់សព្វគ្រប់ តាមអំណាចសាលក្រមស្ថាពរ ក្នុងនោះកូនស្រីគាត់បានផ្តល់ប្រាក់ចំនួន ៣០,០០០ដុល្លារ ទើបជនដៃដល់បានចុះចេញ ទៅស្នាក់នៅបន្ទប់ជួល តែក្នុងនោះគេបានព្យាយាមសុំត្រូវគ្នាជាមួយកូនស្រីរបស់គាត់ជាថ្មីម្តងទៀត តែកូនស្រីគាត់មិនព្រម។

សូមបញ្ជាក់ថា, អ្វីដែលភាគីខាងស្រីមិនព្រមយក ខ្មាន់កាំភ្លើងជាប្ដីដើម្បីរួមរស់ជាមួយគ្នាវិញ អាចជាមូលហេតុធ្វើអោយផ្ទុះកំហឹង តាមរយៈការគិតខ្លី ទើបកើតអំពើឃោរឃៅ។ 

និយាយរួម អ្នកទាំងពីរបានលែងលះគ្នាតាមផ្លូវច្បាប់ដោយមានសាលក្រមស្ថាពរ ហើយភាគី ខាងប្រពន្ធសុខចិត្តប្រគល់ប្រាក់ចំនួន ៣មុឺនដុល្លារ ទើបចុះចេញពីផ្ទះ ហើយទៅរស់នៅតាមបន្ទប់ជួល ។ ទីបំផុត ! ភាគីខាងប្រពន្ធរួមទាំងក្រុមគ្រួសារ មិនមានទំនាស់ ចងកំហឹងណាមួយជាមួយខ្មាន់កាំភ្លើងសោះ បែរជាភាគីខាងប្ដី មកបាញ់សម្លាប់ស្ទើរទាំងពូជ ។ យើងទាំងអស់គ្នាសូមចូលរួម លុបបំបាត់អំពើហិង្សា និងធ្វើការត្រួតពិនិត្យរដ្ឋបាល តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ ខណៈឃាតក មានអាវុធប្រើប្រាស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖