ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យម្នាក់ដែលបានចាប់រំលោភកូនខ្លួនឯងបានសម្រេចទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២៣។
មន្ត្រីនគរបាលបានប្រាប់ថា នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែតបានឃាត់ជនសង្ស័យជាឪពុកនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីបទចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេចជាច្រើនលើក។ ករណីនេះបានកើតឡើងនៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលដដែលឱ្យដឹងទៀតថា៖ជនសង្ស័យជាឪពុកឈ្មោះ សរ បូរី ឣាយុ៤២ឆ្នាំ និងកុមារីរងគ្រោះជាកូនអាយុ១៤ឆ្នាំ ។ ចំពោះការឃាត់ខ្លួននេះ យោងតាមបណ្តឹងរបស់ឈ្មោះ ឈួន ស៊ីវន ភេទស្រី ឣាយុ៤៣ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែត ត្រូវជាប្រពន្ធដែលបានប្តឹងថា ប្តីរបស់ខ្លួនឈ្មោះ សរ បូរី បានចាប់រំលោភកូនខ្លួនឯងបង្កើត និងថែមទាំងគំរាមកំហែងសម្លាប់ប្រសិនបើនិយាយប្រាប់គេ ។
ប្រភពបានបញ្ជាក់ថា៖ តាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅអំឡុងឆ្នាំ២០១៨ឪពុកបង្កើតរបស់នាងបានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេចចំនួនប្រាំដង ពេលម្តាយមិននៅផ្ទះ ( នៅចំណុចផ្ទះស្ថិតក្នុងភូមិទួលពង្រ ) រហូតដល់អំឡុងឆ្នាំ២០២០ ម្តាយនិងឪពុកបានចែកផ្លូវគ្នា ខ្លួននាងបានទៅរស់នៅជាមួយម្តាយនៅ ខេត្តបាត់ដំបង ហើយអំឡុងឆ្នាំ២០២១ ឪពុកបានទៅយកខ្លួននាងនិងប្អូនមករស់នៅក្រុងប៉ោយប៉ែតវិញដោយមូលហតុម្តាយធ្វើចំណាកស្រុកទៅប្រទេសថៃនិងមានបញ្ហាជាមួយពូថ្លៃផង។ ពេលមករស់នៅជាមួយឪពុកនៅផ្ទះកេីតហេតុខាងលើ ឪពុកតែងតែចាប់រំលោភនាងជាញឹកញាប់ ហើយគំរាមកំហែងថាបើប្រាប់គេវ៉ៃសំលាប់ចោល និងពេលខ្លះយកកាំបិតគំរាមកាប់ទៀតផងបើមិនព្រមដេកជាមួយ ចាប់តាំងពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន។ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ ខ្លួននាងបានចេញពីកម្មវិធីនៅសាលា២ជាន់ ពេលមកដល់ផ្ទះក៏ត្រូវឪពុកបង្ខំអោយរួមភេទជាមួយរហូតបានសម្រេច។ ដោយអត់ទ្រាំមិនបានពេលម្តាយមកលេងផងនោះក៏ដាច់ចិត្តប្រាប់រឿងហេតុអោយម្តាយបានដឹង ព្រោះខ្លាចឪពុកធ្វើបាបប្អូនស្រីនាងដូចធ្វើបាបខ្លួននាងទៀត។
នគរបាលប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា៖ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានសារភាពពីទង្វើដែលខ្លួនបានប្រព្រឹត្តដ៏លាមកទៅលើកូនពិតប្រាកដមែន ។ដោយផ្អែកលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ផ្អែកលើការបំភ្លឺរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះសរ បូរី កម្លាំងនគរបាលប៉ុស្តិ៍បានរៀបចំសំណុំរឿងបញ្ជូនទៅនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងបានបន្តបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វណ្ណា